(កំពង់ធំ)៖ ក្មេងប្រុសម្នាក់ ម្តាយប្រើឱ្យទៅខ្វាលគោ បានឡើងលេងលើបង្គោលភ្លើង ត្រូវបានភ្លើងឆក់បណ្តាលឱ្យធ្លាក់ស្លាប់យ៉ាងអាណោចអាធម។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៨ នៅតំបន់ក្របីលាច ក្នុងភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

តាមការបំភ្លឺពីឈ្មោះ យា មុត ភេទស្រី អាយុ ៤០ឆ្នាំ (ត្រូវជាម្ដាយបង្កើត) បានឱ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ផា ភ័ស្ដ អាយុ ១៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយគាត់តែងតែប្រើឱ្យទៅឃ្វាលគោនៅតំបន់ក្របីលាច នៅខាងលិចភូមិចំងាយ ២គីឡូម៉ែត្រ ជាមួយក្មេងៗ ក្នុងភូមិជាប្រចាំ ហើយបានលឺគេបា្រប់ថា ក្រុមពួកក្មេងៗ តែងឡើងលេងលើបង្គោលភ្លើងជាប្រចាំ លឺដូចនោះគាត់បានហាមកូនកុំឱ្យឡើងលេងទៀតប្រយ័ត្នឆក់ស្លាប់។

នៅថ្ងៃកើតហេតុកូនប្រុសគាត់បានទៅឃ្វាលគោនៅតំបន់នោះដូចសព្វមួយដង នៅម៉ោងប្រហែល១២៖០០នាទីស្រាប់តែប្រជាការពារភូមិខ្មាក់ ឈ្មោះ សូយ ចន្ថា ភេទប្រុស បានទូរស័ព្ទប្រាប់នាងខ្ញុំថា កូនមីងឯងឡើងលេងលើបង្គោលភ្លើង ឥឡូវវាត្រូវឆក់ស្លាប់បាត់ហើយ លឺដូចនោះគាត់បានឱ្យប្ដីទៅមើល ហើយយកសពកូនមកផ្ទះ។

យោងតាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានពត៌មានភ្លាមកម្លាំងជំនាញស្រុកប្រាសាទបល្ល័ង្ក និងប៉ុស្ដិ៍នគរបាលសាលាវិស័យ បានសហការជាមួយរដ្ឋអំណាចមូលដ្ឋាន ចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព ក្រោយការពិនិត្យបានឱ្យដឹងថា សាកសពជនរងគ្រោះ មានស្នាមរលាកស្បែក និងរលាត់ស្បែកមួយចំហៀងខ្លួនផ្នែកខាងឆ្វេង ពុំឃើញមានស្លាកស្នាមអ្វីទៀតឡើយ ។ តាមការស្រាវជ្រាវ ពិនិត្យវិភាគ កន្លែងកើតហេតុអាចសន្និដ្ឋានបានថា ក្មេងរងគ្រោះពិតជាស្លាប់ដោយសារ ឡើងលេងលើបង្គោលភ្លើង បណ្ដាលឱ្យឆក់ធ្លាក់ស្លាប់ប្រាកដមែន មិនមានពាក់ព័ន្ធ និងបទល្មើសព្រហ្មទណ្ឌឡើយ ទើបប្រគល់សាកសពឱ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕