(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ចាប ភក្តី នាយរងសេនាធិការចម្រុះ នៃកងយោធពលេខមរភូមិន្ទ និងជាមេបញ្ជាការទ័ពពិសេសឆត្រយោង៩១១ បានប្រាប់ទៅនាយទាហានក្រោមឱវាទទាំងអស់ត្រូវចូលរួមភារកិច្ចការពារអធិបតេយ្យ បូរណភាពដែនដី និងចូលរួមក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជាដើម។ ពិសេសជាងនេះទៅទៀតត្រូវតែប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញ ពីសុឆន្ទៈរបស់ប្រជាជនដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា។

ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ចាប ភក្តី បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតី ពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើក-ជួសជុលអូរប័រ និងរបៀបសង្គ្រោះជំនាន់ទី៣ វគ្គហ្វឹកហ្វឺនបំប៉នជំនាញកុម្មង់ដូ និងអន្តរាគមន៍ពិសេសជំនាន់ទី៤ នៅបញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆត្រយោង៩១១។

ក្រៅពីភាកិច្ចស្នូល ឧត្តមសេនីយ៍ឯក ចាប ភក្តី ក៏បានបញ្ជាក់បន្ថែមទៀតថា គ្រប់ពេលវេលាអង្គភាពត្រូវតែត្រៀមលក្ខណៈ ទាំងកម្លាំង មធ្យោបាយ សម្ភារថវិការ ដើម្បីជួយសង្រ្គោះប្រជាជននៅពេលដែលមានគ្រោះភ័យ។ ចំពោះការងារហ្វឹកហ្វឺនត្រូវតែបន្តយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់សមត្ថភាព ធានាបាននូវរាល់ការគោរពបទបញ្ជាថ្នាក់លើសម្រេចជោគជ័យមួយរយភាគរយ។

ឧត្តមសេនីយ៍ឯក ចាប ភក្តី ក៏បានបញ្ជាក់ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប គាំទ្រដាច់ខាត គោលជំហរ របស់រាជរដ្ឋាភិបាលតាមរយៈប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយសហគមន៍ និស្សិត និងកម្មសិក្សាការីខ្មែរនៅប្រទេសជប៉ុន កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨កន្លងទៅ ក្នុងការការពារ អធិបតេយ្យជាតិ ឯករាជ្យ ព្រមទាំងសុខសន្តិភាពរបស់កម្ពុជា ដោយមិនឱនលំទោន ចំពោះការគំរាមកំហែង ឬព្រមានពីបរទេស ណាមួយនោះឡើយ ហើយក៏បានប្រកាសមិនគាំទ្រជាដាច់ខាតចំពោះគោលជំហររបស់បុគ្គលមួយចំនួនមាននិន្នាការផ្ទុយដែលព្រមឱនក្បាលដាក់បរទេស ដើម្បីជាលេសលូកដៃកកូរកកាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលជារដ្ឋអធិបតេយ្យ។

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក ចាប ភក្តី ក៏បានសម្តែងនូវការកោតសរសើរ មានមតិផ្តាំផ្ញើចំពោះ កម្មសិក្សាទាំងអស់ ដែលបានខិតខំប្រឹងប្រែង ក្នុងការហ្វឹកហាត់រហូតទទួលបានលទ្ធផលគួជាទីមោទនៈ៕