(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៧លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់, របួសស្រាល២៧នាក់ និងរបួសធ្ងន់៣១នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៨គ្រឿង, រថយន្តតូច១២គ្រឿង, រថយន្ដធុនធំ១គ្រឿង, កង់១គ្រឿង និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, ប្រជែង, បត់គ្រោះថ្នាក់ និងមិនប្រកាន់ស្ដាំ។

សូមបញ្ជាក់ថា រយៈពេល១១ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៤៣លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន៧៧នាក់, របួសធ្ងន់១៦៣នាក់ និងរបួសស្រាល៧៥នាក់៕