(ភ្នំពេញ)៖ នៅចំពោះមុខនៃដំណើរការនីតិវិធីដកការប្រព័ន្ធអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុបចំពោះទំនិញកម្ពុជា ជាចំណាត់ការដែល​ស្ថាប័ននេះធ្វើឡើង ដោយចោទកម្ពុជាថា មិនបានគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះ រាជរដ្ឋាភិបាលកម្ពុជា​បានប្រតិកម្មតប​ដោយ​គូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ថា រាជរដ្ឋាភិបាលកម្ពុជាចាត់​ទុកការ​សម្រេចចិត្តនេះ​ជាភាពអយុត្តិធម៌បំផុត ព្រោះនេះបង្ហាញឲ្យឃើញថា សហភាពអ៊ឺរ៉ុបបានបដិសេធ​ដោយចំហអំពីវឌ្ឍនភាព​គួរឲ្យកត់​សម្គាល់ ដែលប្រទេសកម្ពុជាសម្រេចបាន ទោះបីរងគ្រោះដោយសោកនាដកម្មកន្លងមកថ្មីៗនេះយ៉ាងណាក៏ដោយ ក្នុងការអនុវត្ត​អនុសញ្ញាអន្តរជាតិជាច្រើន ដែលត្រូវបានផ្សារភ្ជាប់នឹងកម្មវិធីនេះ ជាពិសេសនៅក្នុងវិស័យសិទ្ធិការងារ និងសិទ្ធិដីធ្លី។

រាជរដ្ឋាភិបាលសោកស្តាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងរាជរដ្ឋាភិបាល ដោយឈរលើមូលដ្ឋាន​នៃ​របាយការណ៍​​បេសកកម្មរបស់សហភាពអឺរ៉ុប កាលពីខែកក្កដាកន្លងទៅ។ រាជរដ្ឋាភិបាលមានការខកចិត្ត​ចំពោះកង្វះតម្លាភាព​របស់​សហភាពអឺរ៉ុប ដែលមិនបានបង្ហាញនូវខ្លឹមសារនៃរបាយការណ៍នោះ ដែលសហភាពអឺរ៉ុបបាន​យកធ្វើជាមូលដ្ឋាន​នៃសេចក្តីសម្រេចចិត្ត​លំអៀង​របស់ខ្លួន។ វិធានការ នេះគឺជាការសឹងសឹករបស់ចៅហ្វាយបរទេសរបស់ខ្មោចគណបក្សគណបក្សសង្គ្រោះជាតិ និងអ្នក​នយោបាយរត់​ចោលស្រុកមួយបំផ្លាញកម្ពុជា ប្រឆាំងនឹងផលប្រយោជន៍ប្រជាជនគ្រប់ពេលវេលា។

ហេតុអ្វីបានជាបរទេសខ្លះគាំទ្រក្រុមប្រឆាំងក្បត់ជាតិ? តាំងពីដើមរៀងមក ក្រុមប្រឆាំងដែលដឹកនាំ ដោយ សម រង្ស៊ី និង កឹម សុខា និងក្រុម​របស់ពួកគេពិតជាមានមោទនភាព ក្នុងការបម្រើនិងធ្វើជាកញ្ជះរបស់បរទេស។ ពួកគេបានឱនក្បាល ដោយគ្មានភាពអៀនខ្មាស​ចំពោះ​មុខបរទេស និងបានយកអធិបតេយ្យជាតិ បូរណភាពទឹកដីកម្ពុជាដាក់ក្រោម បាតជើងបរទេស ឱ្យជនបរទេសមើលងាយ​កម្ពុជា​សព្វបែបយ៉ាង ហើយមិនតែប៉ុណ្ណោះ ពួកគេបានធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីប្រឆាំងនឹងផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។ ពួកគេ បានដើរ​អង្វរបរទេសឱ្យបំផ្លាញកម្ពុជាតាមរយៈការនិយាយតាមរបាយការណ៍ប្រឌិតខុសពីការពិតនៅកម្ពុជា មួលបង្កាច់ បង្កាច់បង្ខូច​រាជរដ្ឋាភិបាល​កម្ពុជា និងខ្លាំងជាងនេះទៅទៀត ក្រុមអ្នកនយោបាយប្រឆាំងដឹកនាំ ដោយ សម រង្ស៊ី និងកូនស្រី កឹម សុខា នៅចុងក្រោយនេះ ដើរ​សម្អុយកេរ្តិ៍ឈ្មោះកម្ពុជា និងអំពាវនាវឱ្យបរទេសកាត់ជំនួយ ឈប់វិនិយោគនៅកម្ពុជា និងឈប់ទិញទំនិញពីកម្ពុជា។ ឥឡូវនេះ អ្វីដែល​ពួកគេ​បានដើរបំផ្លាញកម្ពុជា ពិតជាបានទទួលផលសមដូចបំណងរបស់ពួកគេហើយ!

កាលដែលសហភាពអឺរ៉ុប​ដកប្រព័ន្ធអនុគ្រោះពន្ធលើការនាំចូលទំនិញកម្ពុជាទៅក្នុងទឹកដីអឺរ៉ុប គឺជាសមិទ្ធផលមិនអាចប្រកែកបាន​របស់ក្រុមអ្នកនយោបាយប្រឆាំងដឹកនាំដោយក្រុមសម រង្ស៊ី និងក្រុម កឹម សុខា។ ជនក្បត់ជាតិទាំងនេះ និងអ្នកគាំទ្ររបស់ ពួកគេមួយ​ចំនួនបានទះដៃអបអរសាទរចំពោះចំណាត់ការដ៏អយត្តិធម៌ និងបែបលម្អៀងប្រឆាំងនឹងប្រជាជាតិ ខ្មែរដែលបាន​ខិតខំប្រឹងប្រែង​កសាងប្រទេសពីប្រទេសមានសង្គ្រាមមកសន្តិភាព ពីប្រទេសដែលខ្ទេចខ្ទាំមក ជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើន ជាប្រទេសក្រី​ក្រតោក​យ៉ាកមកជា ប្រទេសមានចំណូលមធ្យមក ម្រិតទាប និងឈានដល់ប្រទេសមានចំណូកមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេស​ដែលចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជនក្បត់ជាតិដែលកំពុង​តែត្រេកអរនឹងអ្វីដែលបរទេសបានធ្វើមកលើកម្ពុជានៅពេលនេះគឺពិតជាបង្ហាញពីចរិតកញ្ជះបរទេស និងជាជន​បំផ្លាញជាតិ និងបំផ្លាញប្រជាជនយ៉ាងពិតប្រាកដ។ ពួកគេបានបំផ្លាញកម្ពុជា ក្រោមលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ពួកគេប្រព្រឹត្តល្មើសច្បាប់ និងប្រើប្រាស់បដិវត្តន៍ពណ៌ដើម្បីផ្លាស់ប្តូរ របបតាមបែបមិនប្រជាធិបតេយ្យ ប៉ុន្តែពួកគេថា ជាការផ្លាស់ប្តូរ​តាមបែបលទ្ធិប្រជាធិបតេយ្យទៅវិញ និងទទួលបាននូវការគាំទ្រពីបរទេសថែមទៀត។ មេរៀនប្រវត្តិសាស្ត្របែបនេះ កម្ពុជាធ្លាប់បាន​ឆ្លងកាត់ឆ្អែតឆ្អន់រួចមកហើយ។ ជនបរទេសបានប្រើសក្រុមអ្នកនយោបាយប្រឆាំង ដើម្បីបម្រើមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់ខ្លួន និងបានប្រើល្បិចកលសព្វបែបយ៉ាង ដើម្បីបំផ្លាញកម្ពុជា។

ខណៈក្រុមអ្នកនយោបាយប្រឆាំង ពោរពេញដោយជំងឺតួឯក និងអំនួរនិយម នោះគឺជាឱកាសមាសសម្រាប់​បរទេសក្នុងការប្រើប្រាស់​ដើម្បីបំផ្លាញជាតិខ្លួនឯង។ ហេតុដូច្នេះហើយ បានជាចៅហ្វាយបរទេសទាំងនេះមិនសុខចិត្តនៅស្ងៀម ទុកឱ្យកញ្ជះដាច់ថ្លៃរបស់ខ្លួន ត្រូវបានគេចាប់មកអនុវត្តច្បាប់ និងមិនអង្គុយមើលឃើញផែនការរបស់ខ្លួន បរាជ័យម្តងហើយម្តងទៀតឡើយ។ ដោយសារ​តែក្រុមប្រឆាំង​សុខចិត្តធ្វើជាអាយ៉ង បរទេស ឱ្យបរទេសធ្វើអ្វីស្រេចតែចិត្ត និងអំពាវនាវឱ្យបរទេសមកច្របាច់កខ្មែរ ទើបបានជាបរទេសទាំងនោះ​ខិតខំការពារ​ពួកគេទាំងទទឹងទិសដូច្នេះ។

កម្ពុជាមិនព្រមឱនក្បាលចំពោះបរទេស មិនយកអធិបតេយ្យភាព និងសុខសន្តិភាពរបស់ប្រទេសជាតិ​ទៅដោះដូរជំនួយជាមួយ​បរទេស​ឡើយ! នេះជាការបញ្ជាក់គោលជំហរប្រកប ដោយវីរភាព និងស្នេហា ជាតិមាតុភូមិ និងពលរដ្ឋខ្មែររបស់ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​សម្តេចតេជោ ហ៊ុន សែន នៅចំពោះមុខការគំ រាមកំហែងសព្វបែបយ៉ាងពីក្រុមបស្ចឹមប្រទេស សហភាពអឺរ៉ុបដែលតែងតែ​ប្រើប្រាស់​ជំនួយដោយភ្ជាប់នូវ លក្ខខណ្ឌដើម្បីងាយស្រួល ក្នុងការជ្រៀតជ្រែក លូកដៃកកូរកាយកិច្ចការផ្ទៃក្នុង និងអធិបតេយ្យភាពជាតិរបស់ ព្រះរាជាណា​ចក្រកម្ពុជា។ កម្ពុជាគឺជារដ្ឋឯករាជ្យ និងអធិបតេយ្យមួយ និងមានទំនាក់ទំនងស្មើភាព និង ស្មើសិទ្ធិជាមួយប្រទេសនានា​នៅលើពិភពលោក មិនមែនស្ថិតនៅក្រោមអាណានិគមបែបថ្មីរបស់បរទេស ណាមួយឡើយ។ ចំពោះមុខបងប្អូនប្រជា​ពលរដ្ឋខ្មែរជាច្រើន​រយនាក់នៅទីក្រុងតូក្យូ ប្រទេសជប៉ុនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៨ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់គោលជំហរដ៏រឹងមាំ​របស់ព្រះរាជាណាចក្រកម្ពុជា«កុំយកអធិបតេយ្យជាតិទៅដូរជាមួយជំនួយ កុំយកសន្តិភាពរបស់ប្រទេសទៅដូរជាមួយជំនួយ។

ឥឡូវចង់នរណាចាត់ការកម្ពុជាតាមវិធីណាចាត់ចុះ តែកម្ពុជាត្រូវរឹងមាំចំពោះគោលការណ៍ការពារឯករាជ្យ អធិបតេយ្យជាតិរបស់ខ្លួន។ បើកម្ពុជាអនុវត្តច្បាប់កម្ពុជា មិនបានផង ចាំបាច់ទៅធ្វើកម្ពុជាធ្វើអី ចាំបាច់ធ្វើប្រទេសមួយធ្វើអី។ នៅចំពោះមុខអង្គការសហប្រជាជាតិ ខ្ញុំបាននិយាយថាប្រធានបទសិទ្ធិមនុស្ស និងប្រជាធិបតេយ្យគឺពេញនិយម ហើយសម្រាប់ការជ្រៀតជ្រែករបស់ប្រទេសធំ ប្រទេសមាន​លុយទៅលើប្រទេសក្រីក្រ អាងឡើងសិទ្ធិមនុស្ស ប្រជាធិបតេយ្យ។ ប៉ុន្តែឥឡូវសិទ្ធិមនុស្ស ប្រជាធិបតេយ្យនៅស៊ីរី អ៊ីរ៉ាក់ យ៉េមែនវាយ៉ាង​ម៉េចទៅហើយ? កាលពីកម្ពុជាស្លាប់រាប់លាននាក់ អ្នកឯងមានបានគិតទេអាហ្នឹង? ឥឡូវចង់ធ្វើអី ធ្វើទៅ ចង់ឱ្យបង់ពន្ធ បង់ពន្ធ។ សូមផ្តាំ ឱនក្បាលម្តងជំពាក់ ឱនក្បាល ២ដងជំពាក់ ឱនក្បាល ៣ដង ឱនមួយជីវិត ខ្មែរអត់ឯករាជ្យបានទេ។ ប្រឹងរស់ ងើបឈរឡើងដើម្បី​ការពារឯករាជ្យ អធិបតេយ្យរបស់ប្រទេសដើម្បីការពារសន្តិភាពរបស់ប្រទេស»។  

ប្រជាពលរដ្ឋខ្មែរ​គ្រប់ស្រទាប់​វណ្ណៈ ពិតជាមានមោទនភាព និងពេញចិត្តចំពោះគោលជំហរដ៏ច្បាស់លាស់នេះ ហើយពលរដ្ឋខ្មែរដែល​ស្រឡាញ់​សន្តិភាព និងការអភិវឌ្ឍបានគាំទ្រពេញទំហឹង និងបញ្ជាក់ថា នេះគឺជាអ្វីដែលប្រជាពលរដ្ឋខ្មែរចង់បាន។ នេះគឺជាគោល​ជំហរខ្មែរសម័យតេជោសែន!

កាលដែលរដ្ឋាភិបាលកម្ពុជា សុខចិត្តបង់ពន្ធ ប្រសិនបើសហភាពអឺរ៉ុបតម្រូវ ដោយមិនឱនក្បាលចំពោះការគំរាមកំហែងនេះ ក៏ព្រោះ​តែដើម្បី​ការពារឯករាជ្យ និងអធិបតេយ្យជាតិ ហើយបើក្រុមប្រឆាំង មានឧត្តមគតិជាតិ និងស្រឡាញ់ប្រជាជនខ្មែរ មិនគួរណាទៅក្រាប​ឱនក្បាលសុំឱ្យបរទេសសំពងក្បាលជាតិ និងប្រជាជនឯងនោះទេ! ពួកគេមិនអាណិតជាតិខ្មែរ និងមិនអាសូរពលរដ្ឋខ្មែរឡើយ ក្រុមប្រឆាំង​រត់ចោល ស្រុកដូច សម រង្ស៊ី កឹម មនោវិទ្យា មូរ សុខហួរ អេង ឆៃអ៊ាង និងក្រុមហែរហមមួយដំបរស្វាទៀតពិតជាសត្រូវ​របស់ប្រជាជន​កម្ពុជា នាំបរទេសមកធ្វើបានពលរដ្ឋខ្មែរនិងមិន​ស័ក្តិសមធ្វើជាមេដឹកនាំនៃប្រទេសកម្ពុជាទេ។

សំណាងសម្រាប់​កម្ពុជាដែលផែន​ការបដិវត្តន៍ពណ៌ដែលក្រុមប្រឆាំងបានរៀបចំឡើងក្រោមការជួយជ្រោមជ្រែងគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុពីបរទេសត្រូវបានកម្ទេច អង្គការចាត់តាំងនយោបាយត្រូវបាន រំលាយ ហើយជនក្បត់ជាតិត្រូវបាន​ហាមឃាត់មិនឱ្យធ្វើ​នយោបាយ និងចាប់ខ្លួនកាត់ទោស ម៉្លេះសម កម្ពុជានៅពេលនេះមិនដឹងជាមានវាសនាទៅជាយ៉ាងណាឡើយ!    

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨