(វៀតណាម)៖ ដើម្បីចូលរួមលើកម្ពស់អង្ករកម្ពុជាឲ្យពិភពលោកបានដឹង និងស្គាល់ពីគុណភាពដ៏ល្អគ្មាន២នៃអង្ករនេះ លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចួលរួមផ្សព្វផ្សាយពីគុណភាពអង្ករកម្ពុជា ដល់ពាណិជ្ជករអន្ដរជាតិ។

ការលើកបង្ហាញ និងផ្សព្វផ្សាយពីអង្ករកម្ពុជា របស់ប្រធានសហព័ន្ធរូបនេះធ្វើឡើងនា ឱកាសដែលលោកបានដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមសន្និសីទស្រូវ-អង្ករ ពិភពលោកលើកទី១០ (10th World Rice Conference) ដែលរៀបចំដោយ The Rice Trader រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ក្នុងនោះលោក សុខ ពុទ្ធិវុធ បានចូលរួមធ្វើបទបង្ហាញស្តីពី «Cambodia's Key Export Origin in Focus» ដែលបទបង្ហាញនេះ សង្កត់ធ្ងន់លើការនាំចេញអង្ករកម្ពុជា ដែលផ្តោតលើអង្ករមានគុណភាពប្រណីត ការធ្វើពិពិធកម្ម និងការពង្រីកទីផ្សារ ព្រមទាំងការធ្វើទំនើបកម្មសង្វាក់ផលិតកម្មស្រូវអង្ករ និងការឈានទៅការចុះម៉ាកសញ្ញាសំគាល់ភូមិសាស្ត្រ (GI) នៅតំបន់ជុំវិញបឹងទន្លេសាប ដែលមានលក្ខណ:ភូមិសាស្ត្រពិសេស និងមានប្រពៃណីដាំដុះស្រូវ មានគុណភាពដ៏យូរលង់ណាស់មកហើយផងដែរ៕