(ឥណ្ឌូនេស៊ី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមើលឃើញថា អាស៊ានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូដែលមានស្រាប់ ក៏ដូចជាស្តារឡើងវិញនូវប្រព័ន្ធពាណិជ្ជកម្មសកលដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងបន្តធ្វើសមាហរណកម្មលើការតភ្ជាប់គ្រប់វិស័យ ដើម្បីពង្រឹងភាពធន់របស់អាស៊ានទៅនឹងការវិវត្តន៍ស្ថានភាពនយោបាយសេដ្ឋកិច្ច និងសង្គម។

ការបង្ហាញទស្សនទាននេះត្រូវបានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកានៃជំនួបមេដឹកនាំអាស៊ាន នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ។ ពិធីនេះ ក៏មានការចូលរួមពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានធនាគារពិភពលោក និងប្រធានរូបិយវត្ថុអន្តរជាតិផងដែរ។

នៅចំពោះមុខមេដឹកនាំអាស៊ាននោះ និងថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ពិភពលោកនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អាស៊ានគឺជាតំបន់មួយដែលមានការរីកចម្រើនឆាប់រហ័សក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដែលជាសេដ្ឋកិច្ចធំបំផុតទី៦លើពិភពលោក ជាមួយប្រជាជនប្រមាណជា ៦៤០លាននាក់ និងជាកម្លាំងដ៏សំខាន់មួយសម្រាប់ពាណិជ្ជកម្ម និងកំណើនពិភពលោក។

សម្តេចតេជោ បានលើកឡើងថា អនាគតអាស៊ានមានភាពល្អប្រសើរដោយបានកំណត់ថា នឹងសម្រេចឲ្យបានកំណើនលើសពី៥%ក្នុងឆ្នាំនេះ នឹងលើសពី៥%នៅឆ្នាំក្រោយ និងក្នុងរយៈពេលមធ្យមខាងមុខ។ ជាការពិតនៅក្នុងនេះ ក៏មានប្រទេសមួយចំនួនសម្រេចបាននូវកំណើនខ្ពស់លើសកម្រិតមធ្យមដែលរួមបញ្ចូលប្រទេសកម្ពុជាផងដែលកំពុងមានកំណើនលើសពី ៧%ក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ អាស៊ានសម្រេចបានវឌ្ឍនភាពប្រកបដោយលទ្ធផលផ្នែកសង្គម ជាពិសេសលើគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ និងការកាត់បន្ថយភាពក្រីក្រក៏ដូចជាការធ្វើឲ្យប្រសើរឡើងនូវវិធានការសំខាន់ៗនៃការអភិវឌ្ឍមនុស្ស សំដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពមុនគេផងដែរ។

ទន្ទឹមនឹងការវិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការព្រួយបារម្ភទៅលើការវិវឌ្ឍន៍របស់ពិភពលោកនាពេលបច្ចុប្បន្ន ដែលអាចជះឥទ្ធិពលមិនល្អដល់ប្រទេសសមាជិកអាស៊ានផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្នសាកលលោកកំពុងវិវឌ្ឍទៅរកក្របខ័ណ្ឌពហុប៉ូលថ្មី ការបម្រែបម្រួលកម្លាំង និងតុល្យភាពព្រមទាំងកំពុងប្រឈមនឹងបញ្ហានានាពាក់ព័ន្ធភូមិសាស្ត្រនយោបាយ ភេរវកម្ម និងអំពើហិង្សាក្នុងតំបន់ និងសកលលោក ក៏ដូចជាការប្រែប្រួលអាកាសធាតុ និងភាពមិនប្រាកដប្រជាក្នុងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោកដោយសារតែនយោបាយគាំពារនិយម សង្គ្រាមពាណិជ្ជកម្ម ការរំលោភលើប្រព័ន្ធពហុភាគីនិយម និងភាពងាយរងគ្រោះក្នុងវិស័យហិរញ្ញវត្ថុសកលនិងតំបន់។

ជាងនេះទៅទៀតអាស៊ាន ក៏ប្រឈមបញ្ហាជាក់ស្ដែងរបស់ខ្លួនមួយចំនួនផងដែរ ដូចជាកំណើននៃភាពចាស់ជរា និងការថយចុះកម្លាំងពលកម្ម គម្លាតជំនាញក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម 4.0 គម្លាតអភិវឌ្ឍន៍រវាងប្រទេសសមាជិក និងការបែងចែកផ្លែផ្កាកំណើនប្រកបដោយសមធម៌ ព្រមទាំងបញ្ហានិរន្តភាពនៃការប្រើប្រាស់ធនធានធម្មជាតិ។

ក្នុងបរិការណ៍នេះ សម្តេចតេជោ បានលើកឡើងថា អាស៊ានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូដែលមានស្រាប់ ស្ដារឡើងវិញនូវប្រព័ន្ធពាណិជ្ជកម្មសកលផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងបន្តធ្វើសមាហរណកម្មលើការតភ្ជាប់លើគ្រប់វិស័យដើម្បីពង្រឹងភាពធន់របស់អាស៊ានទៅនឹងការវិវត្តន៍ស្ថានភាពនយោបាយសេដ្ឋកិច្ច និងសង្គមដូច្នេះយើងត្រូវធានាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគាំពារកំណើនប្រកបដោយបរិយាប័ន្ន៕