(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធបើកពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ឆ្នាំ២០១៨ (Cambodia Travel Mart 2018) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ក្រសួងទេសចរណ៍ បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ «លើការប្រកួតប្រជែងថតរូប» ដែលកិច្ចព្រមព្រៀមនេះ ត្រូវបានចុះហត្ថលេខាដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក លឹម កៅ អគ្គនាយករង ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ។

កម្មវិធីនេះ ត្រូវបានដាក់ឱ្យប្រកួតប្រជែង ដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ វិស័យទេសចរណ៍កម្ពុជា។ គោលបំណងចម្បងនៃកម្មវិធីប្រកួតប្រជែងថតរូប របស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា​ អង្គរ អ៊ែរ (Cambodia Angkor Air Photo Contest) គឺផ្ដោតសំខាន់លើប្រជាពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជាទាំងមូល ដើម្បីស្វែងរកអ្វីដែលអស្ចារ្យ និងពុំធ្លាប់មានពីមុនមក។

រង្វាន់សម្រាប់អ្នកឈ្នះ នៅក្នុងកម្មវិធីប្រកួតប្រជែងថតរូប របស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ ត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ ដែលមានទឹកប្រាក់សរុប ៣,៦០០ដុល្លារ។ ក្រៅពីការផ្សព្វផ្សាយវិស័យទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ ក៏មានគោលបំណងចង់បង្ហាញពីសមត្ថភាព ពិសេសរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

នៅស្ដង់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ អ្នកមកទស្សនាក៏អាចទិញសំបុត្រហោះហើរក្នុងតម្លៃពិសេស ចំពោះគោលដៅមួយចំនួនដែលក្រុមហ៊ុនបានកំណត់ បូករួមទាំងតម្លៃសំបុត្រហោះហើរក្នុងប្រទេស ក្នុងតម្លៃត្រឹមតែ ៣៦ដុល្លារ និងការហោះហើរក្រៅប្រទេសដែលមានតម្លៃចាប់ពី ១ដុល្លារ (មិនរួមបញ្ចូលពន្ធព្រលានយន្តហោះ និង YQ)។

អ្នកមកទស្សនាក៏មានឱកាសទិញវត្ថុអនុស្សាវរីយ៍ និងកាដូ ក៏ដូចជាអាចទស្សនារបាំអប្សរា និងលេងហ្គេមកម្សាន្តផងដែរ។ ចំពោះអតិថិជនដែលបានទិញវត្ថុអនុស្សាវរីយ៍ និងកាដូ មានសិទ្ធិចូលរួមចាប់ឆ្នោតពីក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ (ជាថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ ឆ្នាំ២០១៨នេះ)។

សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ឆ្នាំ២០១៨ គឺជាព្រឹត្តិការណ៍ទី២ ប្រចាំឆ្នាំ ដែលនាំមកនូវការតាំងបង្ហាញពាណិជ្ជកម្មផ្សេងៗនៅក្នុងវិស័យដឹកជញ្ជូន បដិសណ្ឋារកិច្ច និងភ្នាក់ងារផ្សេងៗ ដើម្បីជំរុញវិស័យទេសចរណ៍ក្នុង និងក្រៅប្រទេសកម្ពុជា ក៏ដូចជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិផងដែរ។ ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីបណ្ដាអ្នកដាក់តាំងបង្ហាញជាង ១០០ ដែលរំពឹងថានឹងមានការទស្សនារាប់ពាន់នាក់។

ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិ នៃកម្ពុជាតែមួយគត់ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ ត្រូវបានប្រសិទ្ធនាមដោយក្រសួងទេសចរណ៍ ថាជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតនៅកម្ពុជា សម្រាប់ឆ្នាំ២០១២ ឆ្នាំ២០១៤ និងឆ្នាំ២០១៨។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងបម្រើសេវាកម្មហោះហើរក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលដៅយុទ្ធសាស្ត្រនៅក្នុងវៀតណាម និងចិន៕