(ភ្នំពេញ)៖ ក្នុងពិធីកាត់ខ្សែបូសម្ពោធបើកពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ឆ្នាំ២០១៨ (CTM 2018) នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តបន្តអនុវត្តវិធានការគន្លឹះសំខាន់ៗមួយចំនួន ដើម្បីផ្សារភ្ជាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា ទៅនឹងបដិវត្តឧស្សាហកម្មជំនាន់ទី៤។

វិស័យទេសចរណ៍នៅកម្ពុជា ជាទេសចរណ៍វប្បធម៌ និងធម្មជាតិ និងជាមាសបៃតង បាននិងកំពុងបោះជំហានរីកចម្រើនយ៉ាងខ្លាំងជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ។ រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាយ៉ាងមុតមាំក្នុងការថែរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព ដើម្បីបន្តការអភិវឌ្ឍប្រទេស ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តបន្តអនុវត្តវិធានការគន្លឹះសំខាន់ៗមួយចំនួន ដើម្បីផ្សារភ្ជាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា ទៅនឹងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលផ្ដោតខ្លាំងទៅលើឌីជីថលូបនីយកម្ម ដើម្បីចាប់យកការអភិវឌ្ឍជាវិជ្ជមាន និងកាត់បន្ថយកង្វល់ និងធានាឱ្យបាននូវទស្សនទាន «បច្ចេកវិទ្យាទំនើបសម្រាប់វិស័យទេសចរណ៍ វិស័យទេសចរណ៍សម្រាប់បច្ចេកវិទ្យាទំនើប» ឬអាហៅបានថា «ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពវៃឆ្លាត» រាជរដ្ឋាភិបាលកម្ពុជា​ នឹងអនុវត្តនូវវិធានការមួយចំនួន ដូចខាងក្រោម៖

១៖ ផ្សារភ្ជាប់ចក្ខុវិស័យទេសចរណ៍ ឆ្នាំ២០៣០ ជាមយបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបរិយាប័ន ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ព្រមទាំងរួមបញ្ចូលកម្មវិធីអភិវឌ្ឍសំខាន់ៗ លើផ្នែកបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្សក្នុងឧស្សាហកម្មទេសចរណ៍ សំដៅធានាឱ្យបានថា «ការប្រើប្រាស់នវានុវត្តន៍ និងភាពជឿនលឿននៃបច្ចេកវិទ្យា» នឹងផ្ដល់ឱ្យវិស័យទេសចរណ៍នូវកាលានុវត្តភាព ដល់ការលើកកម្ពស់ប្រសិទ្ធភាពក្នុងវិស័យទេសចរណ៍ ការជុំវិញបរិយាប័នភាពក្នុងឧស្សាហកម្មទេសចរណ៍ ការលើកកម្ពស់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន និងការគ្រប់គ្រងធនធានប្រកបដោយប្រសិទ្ធភាព និងការចូលរួមសម្រេចបាននូវរបៀបវារៈផ្សេងៗទៀត នៃការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ និងត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ ១៥លាននាក់ នៅឆ្នាំ២០៣០។

២៖ រៀបចំកម្មវិធីពង្រឹងសមត្ថភាពមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការលើកកម្ពស់គុណភាពនៃការអប់រំកម្រិតខ្ពស់ ការបណ្ដុះបណ្ដាលជំនាញពាក់ព័ន្ធនឹងឧស្សាហកម្មទេសចរណ៍ ឱ្យស្របតាមនិន្នាការនៃការរីកចម្រើនបច្ចេកវិទ្យា និងឌីជីថលូបនីយកម្ម។

៣៖ លើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងឧស្សាហកម្មទេសចរណ៍ ពង្រឹងនូវសមត្ថភាពសហគ្រិនភាពក្នុងការរៀបចំគំរូធុរកិច្ច បង្កើតការងារថ្មី និងតម្រង់ទិសថ្មីរបស់សេដ្ឋកិច្ចឌីជីថល នាពេលអនាគត សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា។

ជាមួយគ្នានោះដែរ លោក ថោង ខុ​ន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ព្រឹត្តិការណ៍ CTM 2018 នេះ ទទួលបានក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ចំនួន ៥០០ក្រុមហ៊ុន មានស្តង់សរុបចំនួន ១៧៣ស្តង់ មកពី៨០ប្រទេស ដោយក្នុងនោះមានស្ថាប័នទេសចរណ៍ជាតិមកពីតំបន់អាស៊ាន អាស៊ាន+៣ និងតំបន់អាស៊ីប៉ាស៊ីហ្វិក សណ្ឋាគារ ទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ និងសហគមន៍ទេសចរណ៍។

លោករដ្ឋមន្ត្រីបានបន្តថា ព្រឹត្តិការណ៍ CTM 2017 ធ្វើនៅខេត្តសៀមរាបទទួលបានជោគជ័យ យ៉ាងធំធេងគួរជាទីមោទនៈ ហើយលើកទី២ ឆ្នាំ២០១៨ នេះ កាន់តែទទួលបានជោគជ័យដ៏ធំបន្ថែមទៀត ដោយស្ដង់កើនឡើងរហូតដល់ ៥៥.៩%។

នេះបានបង្ហាញឱ្យឃើញថា ព្រឹត្តិការណ៍ពិព័រណ៍ CTM គឺជាវេទិការធុរកិច្ចទេសចរណ៍ដ៏មានសារសំខាន់ ក្នុងការជំរុញផ្សព្វផ្សាយលក់កញ្ចប់ទស្សនកិច្ច ក៏ដូចជាការជួបជុំគ្នារវាងអ្នកទិញ និងអ្នកលក់ អ្នកជំនាញទេសចរណ៍ធ្វើការរួមគ្នា ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានលើការធ្វើដំណើរទេសចរណ៍ ចែករំលែកបទពិសោធន៍នានាក្នុងអាជីវកម្មទេសចរណ៍ និងស្វែងរកវិធានការថ្មីៗរួមគ្នា ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងតំបន់ ឲ្យកាន់តែរីកចំរើនខ្លាំងឡើងបន្ថែមទៀត ពិសេសព្រឹត្តិការណ៍នេះ ក៏បានបង្ហាញថា កម្ពុជាពិតជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងតំបន់ និងក្រៅពីការទស្សនាលំហែកម្សាន្ដ អាចជាគោលដៅសម្រាប់ទទួលរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗកម្រិតអន្តរជាតិ ដូចជា MICE Event ជាក់ស្ដែងដូចជាព្រឹត្តិការណ៍ពិព័រណ៍ CTM នាពេលនេះ។

លោក ថោង ខុន បន្ថែមថា មានការរៀបចំកម្មវិធីទស្សនកិច្ច Pre Tour និង Post Tour ទៅកាន់តំបន់គោលដៅទាក់ទាញទេសចរណ៍នានា ដូចជា តំបន់វប្បធម៌ប្រវត្តិសាស្រ្ដ តំបន់ឆ្នេរ តំបន់អេកូ រាជធានីភ្នំពេញ និងតំបន់ជុំវិញ ដើម្បីឱ្យភ្ញៀវអន្តរជាតិបានសិក្សាស្វែងយល់អំពីភាពជាក់ស្ដែង នៃការវិវឌ្ឍរីកចម្រើននូវផលិតផល និងសេវាទេសចរណ៍ក្នុងតំបន់ទាំងនេះ។

តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិលើកទី២ ឆ្នាំ២០១៨នេះ គោលដៅទេសចរណ៍កម្ពុជា នឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយលើទីផ្សារអន្តរជាតិ និងអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា និងតំបន់កាន់តែច្រើនបន្ថែមទៀត នាពេលខាងមុខ៕