(ភ្នំពេញ)៖ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU បានចេញញត្តិគាំទ្រមួយពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។

លិខិតរបស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU ដែល អង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU តំណាងកម្មករនិយោជិតនៅក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងកាបូប ជាង៧០មុឺននាក់នៅទូទាំងប្រទេស សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីយតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាដែលបានថ្លែងនៅក្នុងឱកាសជួបសំណេៈសំណាលជាមួយសហគមន៍និស្សិត និងកម្មសិក្សាការីខ្មែរនៅប្រទេសជប៉ុន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ អំពីការមិនដោះដូរអធិបតេយ្យជាតិជាមួយបរទេស និងមិនយកសុខសន្តិភាពរបស់ប្រទេស ទៅដោះដូរជាមួយជំនួយ មិនតែប៉ុណ្ណោះប្រមុខរាជរដ្ឋាភិបាលក៍បានបញ្ជាក់ជំហរ រឹងមាំ យ៉ាងច្បាស់ថា កម្ពុជាត្រូវការរស់ងើបឈរឡើងដើម្បីការពារ ឯករាជ្យ អធិបតេយ្យ និងសន្តិភពរបស់ប្រទេស ។

នៅក្នុងញ្ញាតិគាំទ្ររបស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU បានបញ្ជាក់ទៀតថា យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំបសមាជិក សមាជិកា ក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU សូមប្រកាស ប្រឆាំងដាច់ខាត ចំពោះគោលជំហររបស់បុគ្គលមួយចំនួន ដែលមាននិន្នាការផ្ទុយដែលព្រមអោនក្បាល ដាក់បរទេស ដើម្បីជំនួយណាមួយ ហើយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រៀកមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលជារដ្ឋអធិបតេយ្យ និងឯករាជ្យ ៕