(ភ្នំពេញ)៖​ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង​រវាងរថយន្ដ Highlander បើកបរដោយ​នារីមួយក្រុម​ ទៅបុកជាមួយរថយន្ដ Range Rover សេរ៊ីទំនើបបណ្ដាលឲ្យក្រឡាប់៣ជុំ ផ្ងារជើងមួយចំហៀង ចំណែកឯរថយន្ត Highlander រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​ ១២៖៤៥នាទីយប់រំលងអធ្រា្រត ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចស្តុប ណានជីង តាមបណ្ដោយផ្លូវលេខ១៦៩ កែងនឹងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យភ្នាក់ងារ Fresh News ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដស៊េរីទំនើប​មួយគ្រឿងម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ​ ភ្នំពេញ 2AY-3663 បើកបរដោយបុរសម្នាក់ និងនារីម្នាក់រួមដំណើរជាមួយ បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៦៩ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន។ ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបើកឆ្លងស្តុបមិនបន្ថយល្បឿន និងខ្វះការប្រុងប្រយ័ត្ន​ ក៏ត្រូវរថយន្តមួយគ្រឿងទៀត​ម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខ​ ភ្នំពេញ 2AC-6117 បើកបរដោយនារីមួយក្រុមមានគ្នា​៣នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿនដូចគ្នា ហើយក៏បុកជាមួយរថយន្តម៉ាក Range Rover ពីចំហៀងខាងក្រោយពេញទំហឹង​ បណ្ដាលឲ្យរថយន្ត Range Rover ក្រឡាប់​៣ត្រឡប់ផ្ងារជើង​រងការខូចខាតយ៉ាងដំណំ។

ចំណែកឯម្ចាស់រថយន្តរកកន្លែងចេញមកមិនរួច ត្រូវបានប្រជាពលរដ្ឋ​ជួយវាយបំបែកកញ្ចក់មុខ​ គាស់ឲ្យ​ចេញមកក្រៅ​ រួចឡើងរថយន្តមួយគ្រឿងទៀត​ បើកចេញពីកន្លែងកើតហេតុបាត់ទៅ​។ រីឯរថយន្ត Highlander វិញបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ និងផ្ទុះពោងសុវត្ថិភាពទាំង២ ហើយថែមទាំងហូរហៀរ​ប្រេង​ពេញផ្លូវ។ ក្រោយពីឃើញ​អ្នកបើករថយន្ត Range Rover​ ឡើងរថយន្តទៅបាត់ នារីទាំង៣នាក់នោះ​ ក៏បាននាំគ្នា​ប្រមូល​ សម្ភារមានតម្លៃ​ទុក ហើយ​ក៏ចេញពីកន្លែងកើតហេតុបាត់ទៅ។

នេះពិតជាសំណាងហើយ ដែលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង រួចស្ទូចយករថយន្តទាំង​ ២គ្រឿងទៅរក្សាទុកនៅ​ការិយាល័យនគរបាល​ចរាចរណ៍​ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕