(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះស្រុកឆ្លូង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ បានចុះបង្ក្រាបបទល្មើសនេសាទតាមដងព្រែកឆ្លូង នៅឃុំដំរីផុងនិងឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ និងបានដកហូតវត្ថុតាងជាច្រើនទៅបំផ្លាញចោល។

អភិបាលរងស្រុកលោក ធីម ស៊ាងឡេង បានឲ្យដឹងថា កម្លាំងចម្រុះដែលបានចូលរួមបង្ក្រាបបទល្មើសនេសាទ នៅថ្ងៃនេះរួមមាន៖ កម្លាំងសាលាស្រុកឆ្លូង, កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងកម្លាំងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ។ កម្លាំងចម្រុះ បានចុះរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ ចំនួន២វង់នៅនឹងកន្លែង ហើយឧបករណ៍នេសាទខុសច្បាប់ទាំងនោះ មានមុខកាត់ទំហំធំៗនិងបណ្ដោយវែងៗណាស់។

អភិបាលរងរូបនេះ បានបន្តទៀតថា សមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុនិងពិន័យអន្តរកាល ព្រមទាំងបានហៅប្រជានេសាទទាំងនោះ មកធ្វើកិច្ចសន្យាបញ្ឈប់ការនេសាទខុសច្បាប់ ដោយប្រើឧបករណ៍ដៃចាប់ត្រីតាមដងព្រែកបន្តទៀត។

ជាមួយគ្នានេះ លោក ធីម ស៊ាងឡេង សូមអំពាវនាវដល់ប្រជានេសាទទាំងអស់ ឲ្យបញ្ឈប់ការនេសាទ ដោយប្រើឧបករណ៍នេសាទសាទខុសច្បាប់ដូចជា លូល្បៃមុង ដៃចាប់ត្រី និងឧបករណ៍ឆក់ជាដើម។