(ព្រះសីហនុ​)៖ លោកឧត្តមនាវីឯក​ អ៊ុក​ សីហា​ មេបញ្ជាការរង​ កងទ័ព​ជើង​ទឹក​ និង​ជា​ មេបញ្ជាការ​ មូលដ្ឋានសមុទ្រ​ ព្រមទាំង​ ​នាយនាវី​ នាយនាវី​រង​ និង​ ពលនាវិក​ ទូទាំង​មូលដ្ឋានសមុទ្រ​ នាថ្ងៃទី១០ ខែតុលានេះ បាន​ប្រកាសគាំទ្រពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយ​មិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។

តាមរយៈអង្គភាពព័ត៌មាន Fresh News លោកឧត្តមនាវីឯក​ អ៊ុក​ សីហា​ មេបញ្ជាការរង​ កងទ័ព​ជើង​ទឹក​ និង​ជា​ មេបញ្ជាការ​ មូលដ្ឋានសមុទ្រ​ ព្រមទាំង​ ​នាយនាវី​ នាយនាវី​រង​ និង​ ពលនាវិក​ ទូទាំង​មូលដ្ឋានសមុទ្រ​ ក៏បានប្រកាសច្រានចោលចំពោះគោលជំហររបស់បុគ្គលមួយចំនួន ដែលមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលរណបជាមួយបរទេស ដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យផងដែរ។

នាយនាវី​ នាយនាវី​រង​ និង​ ពលនាវិក​ ទូទាំង​មូលដ្ឋាន​ សូមទទួលយកនូវឧបសគ្គ និងរាល់ការលំបាក តែដាច់ខាតមិនឲ្យបាត់បង់ឯករាជ្យ បូរណភាព អធិបតេយ្យជាតិ និងសន្ដិភាព ដោយសារតែជំនួយនោះឡើយ និងត្រៀមខ្លួនធ្វើពលីកម្មគ្រប់បែបយ៉ាង អនុវត្តដាច់ខាតនូវបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ៕