(ភ្នំពេញ)៖ ក្រុមជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានចោរប្រើដាវគម្រាមប្លន់យកម៉ូតូម្នាក់ និងប្រើប្រាស់ជួញដូរគ្រឿងញៀន៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ បង្ក្រាបនៅពេលរាត្រី ក្នុង២ករណីផ្សេងគ្នា នៅតាម បណ្ដោយផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ និងនៅត្រង់ចំណុចលើកំណាត់ផ្លូវបេតុង ក្រុមទី១១ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ។ នេះបើតាមការបញ្ជាក់ឲ្យដឹង របស់លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ

លោកវរសេនីយ៍ឯក បានឲ្យដឹងទៀតថា ករណីទី១៖ ជនសង្ស័យប្រើដាវគម្រាមយកម៉ូតូ មានឈ្មោះ ស៊ូ ភា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ៥ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ដកហូតបានម៉ូតូ១គ្រឿង ម៉ាកសង់ប៊ិច សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1J-3107 គឺត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី៩ ខែតុលានេះ ក្រោយពីជនសង្ស័យជាបក្ខពួកម្នាក់ទៀត ឈ្មោះ ជេម សីហាក់ ភេទប្រុស អាយុ១៨ឆ្នាំ ក៏ត្រូវបានឃាត់ខ្លួនក្នុងបទល្មើស ប្រើដាវគម្រាមយកម៉ូតូ១គ្រឿង ម៉ាក Soopy ពណ៌ស ពាក់ស្លាកលេខ ភព1GT-6235 ពីជនរងគ្រោះឈ្មោះ សុខ សំបូរ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនលក់គ្រឿងជ័រ នៅត្រង់ចំណុចតាមបណ្ដោយផ្លូវលំ ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ កាលពីយប់រំលងអាធ្រាតថ្ងៃទី២៤ ចុងខែកញ្ញាមកម្ល៉េះ។

លោកអធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ទៀតថា មុនឈានដល់ការបង្ក្រាបករណីទី២ ដកហូតបានម្សៅក្រាមពណ៌សថ្លា ចំនួន៨កញ្ចប់ កម្លាំងផ្នែកជំនាញខណ្ឌ-ប៉ុស្ដិ៍ បានឃាត់ខ្លួនជនសង្ស័យទី១-ឈ្មោះ ភុក សុខលាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ពីបទជួញដូរថ្នាំញៀន ទី២-ឈ្មោះ សៀវិវឌ្ឍន៍ ហៅអាវឌ្ឍន៍ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិស្ពាបខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ពីបទប្រើប្រាស់គ្រឿងញៀន, ទី៣៖ ឈ្មោះ ពុធ បណ្ឌិត ហៅអាហ្វុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៨H2 ផ្លូវលំ ក្រុមទី១០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ពីបទប្រើប្រាស់គ្រឿងញៀន។

បើតាមការបញ្ជាក់ឲ្យដឹងពីលោកអធិការនគរបាលខណ្ឌឬស្សីកែវ ដដែលរូបនេះ ក្រោយពីបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ក្នុងបទល្មើសប្រើដាវគម្រាមយកម៉ូតូ និងប្រើប្រាស់ជួញដូរគ្រឿងញៀនទាំង៤នាក់ រួមជាមួយវត្ថុតាង ពាក់ព័ន្ធទាំងឡាយ បាននិងកំពុងស្ថិតនៅក្រោមការសាកសួរយកចម្លើយបន្ថែម នៅអធិការដ្ឋាននគរបាលខណ្ឌ ក្នុងការកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕