(ភ្នំពេញ)៖ លោកបណ្ឌិត គឹម ហ៊ាង​ ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានបញ្ជាក់អំពីស្ថានភាពវិស័យដីធ្លីនៅកម្ពុជា ក្រោយពេលបោះឆ្នោតថា តម្លៃដីធ្លីនៅតែហក់ឡើងខ្លាំង ពិសេសតំបន់ជាយៗក្រុង។

ថ្លែងក្នុងកិច្ចសម្ភាសន៍ ក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្តាហ៍របស់ទូរទស្សន៍ Fresh News លោកបណ្ឌិត គឹម ហ៊ាង បានលើកឡើងថា ចំពោះតម្លៃដីនៅអំឡុងពេលក្រោយការបោះឆ្នោត ឆ្នាំ២០១៨នេះ គឺតំបន់ជាយក្រុងចម្ងាយប្រហែលជាង២០គីឡូម៉ែត្រ នៅជុំវិញក្រុង មានការឡើងខ្លាំង ខណៈដែលតម្លៃដីធ្លីក្នុងក្រុង គឺមានស្ថានភាពថេរ។

លោកថា បន្ទាប់ពីការបោះឆ្នោតកន្លងផុតទៅ វិស័យអចលនវត្ថុហក់លោតតម្លៃខ្លាំងនៅតំបន់ប៉ែកខាងជើង និងខាងលិចជាយក្រុង ស្របជាមួយមានឈ្មួញអភិវឌ្ឍន៍លើដីឡូដិ៍ច្រើន ប៉ុន្ដែសម្រាប់តម្លៃដីក្នុងក្រុងវិញ នៅរក្សាដដែលមិនឡើងខ្លាំង និងហើយមិនចុះ។

លោកបណ្ឌិតបន្ដថា «បន្ទាប់ពីបោះឆ្នោតរួចតម្លៃដីធ្លីចាប់ផ្ដើមឡើងថ្លៃតែម្ដង មុនពេលបោះឆ្នោតខ្ញុំគិតថា បោះឆ្នោតរួចតម្លៃដីធ្លីមិនឡើងថ្លៃខ្លាំងឡើយ ប៉ុន្ដែខុសពីការគិតបន្ទាប់ពីបោះឆ្នោតរួចខ្ទង់ប្រមាណ១ខែប៉ុណ្ណោះ តម្លៃដីធ្លីឡើងច្រើនជាពិសេសតំបន់ជាយក្រុង ហើយបើក្រឡេកមកមើលដីកណ្ដាលក្រុង និងជុំវិញក្រុងទីក្រុងមិនឡើងថ្លៃប៉ុន្មានទេ»