(ពោធិ៍សាត់)៖​ បុរសម្នាក់ បានអិលជើងធ្លាក់ទឹកជ្រោះ​ មានកម្ពស់ប្រម៉ាណ១០ម៉ែត្រ​ បោកក្បាលស្លាប់​ ខណៈកំពុងត្រៀមសែលហ្វីថតរូប​ ក្នុងថ្ងៃភ្ជុំបិណ្ឌ។ ហេតុការណ៍​នេះ​ បានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង​ ១២៖៣៥នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចទឹកធ្លាក់ធម្មជាតិថ្មដាតូច ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក​ ធាង​ ឡេង​ អធិការនគរបាលស្រុកវាលវែង​ បានឲ្យដឹងថា​ ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ កយ ស្រស់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកអធិការ បានឲ្យដឹងទៀតថា​ មុនពេលកើតហេតុ​ ជនរងគ្រោះបានផឹកស្រាស្រវឹង​ ហើយបម្រុះទៅសែលហ្វី នៅចំណុចកើតហេតុខាងលើ​ ភ្លាមនោះមិនបានសែលហ្វីផង​ ជនរងគ្រោះ ក៏រអិលជើងធ្លាក់ចូលជ្រោះ​ ដែលមានជម្រៅរហូតប្រមាណ១០ម៉ែត្រ រួចបោកក្បាលជាមួយថ្មចូលទឹក​ ក៏បង្កឲ្យមានការភ្ញាក់ផ្អើល នាំគ្នារាវរក​ជិត១ម៉ោង​ ទើបប្រទះឃើញស្លាប់យ៉ាងអាណោចអាធមតែម្ដង។

ក្រោយពេលកើតហេតុ​ អាជ្ញាធរមានសមត្ថកិច្ច បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ រួចបានធ្វើកំណត់ហេតុប្រគល់សាកសព​ ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕