(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង៩១១ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៅថ្ងៃទី១០ ខែតុលានេះ បានប្រកាសគាំទ្រពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។

តាមរយៈអង្គភាពព័ត៌មាន Fresh News ឧត្តមសេនីយ៍ឯក ចាប ភក្តី បានបញ្ជាក់ថា កងពលតូចទ័ពពិសេសឆត្រយោង៩១១ គាំទ្រយ៉ាងម៉ឹងមាត់ ចំពោះគោលការណ៍សន្តិសហវិជ្ជមាន ក្នុងការទំនាក់ទំនងជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិនានាជាមិត្ត។ ទន្ទឹមនឹងនេះ ក៏សូមទទួលយកនូវឧបសគ្គ និងការលំបាកតែដាច់ខាតមិនឱ្យបាត់បង់ឯករាជ្យ បូរណភាព អធិបតេយ្យ និងសន្តិភាព ដោយសារតែជំនួយនោះទេ។

ឧត្តមសេនីយ៍ឯក ចាប ភក្តី បានបន្ថែមថា កងពលតូចទ័ពពិសេសឆត្រយោង៩១១ ប្តេជ្ញាប្រឹងប្រែងបំពេញនូវតួនាទីភារកិច្ច ដើម្បីរក្សាសន្តិសុខ សន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ពង្រឹងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនរួចជាស្រេចអនុវត្ត ដាច់ខាតនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោកផងដែរ៕

ខាងក្រោមនេះ ជាញ្ញត្តិគាំទ្ររបស់កងពលតូចទ័ពពិសេសឆត្រយោង៩១១៖