(ភ្នំពេញ)៖ លោកឧកញ៉ា ឡាច សំរោង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា​ នាយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨នេះ​ បានដឹកនាំនិស្សិតឥស្សរជនចំនួន​ ១២រូប​ទៅទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យជីណាន ស្ថិតនៅក្នុងក្រុងក្វាងចូវ ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន​ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍​ និងឈ្វែងយល់ពីការសិក្សាកម្រិតក្រោយឧត្តមសិក្សា។

ថ្លែងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកឧកញ៉ា ឡាច សំរោង បានថ្លែងអំណរគុណដល់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងសមាគមអតីតនិស្សិតសាកលវិទ្យាល័យជីណាន ដែលបានសហការយ៉ាងល្អប្រសើរជាមួយសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ក្នុងការរៀបចំនូវទស្សនកិច្ចសិក្សានេះ ដើម្បីផ្សារភ្ជាប់នឹងទ្រឹស្តីពីឥស្សរជន​ និងនិស្សិតមួយចំនួនដែលបានសិក្សាកន្លងមក។

លោកឧកញ៉ាបានបញ្ជាក់ថា ទស្សនកិច្ចនេះមានគោលបំណងសំខាន់ចំនួន៤​ រួមមាន៖​

ទី១៖​ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលើកកម្ពស់គុណភាពធនធានមនុស្សនៅកម្ពុជា។

ទី២៖​ ចូលរួមអបអរសាទរខួប៦០ឆ្នាំ​ នៃទំនាក់ទំនងការទូតកម្ពុជា​ និងចិន ដើម្បីផ្សារភ្ជាប់កាន់តែជិតស្និទ្ធនៃដួងចិត្តរបស់ប្រជាជាតិទាំងពីរ។

ទី៣៖​ បង្កើនប្រសិទ្ធភាពនៃការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ និងថ្នាក់បណ្ឌិតរបស់និស្សិតឥស្សរជន។

ទី៤៖​ បន្តកិច្ចសហការដ៏រឹងមាំរវាងសាកលវិទ្យាល័យឥន្ទ្រវិជ្ជា​ និងសាកលវិទ្យាល័យជីណាន​ លើការបណ្តុះបណ្តាលជំនាញឯកទេសនៅកម្រិតឧត្តមសិក្សា​ និងក្រោយឧត្តមសិក្សាតាមស្តង់ដារអន្តរជាតិ។

លោកបន្តថា​ នេះជាលើកទី១ហើយ​ ដែលឥស្សរជន​ និងនិស្សិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ​ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន បន្ថែមពីលើនិស្សិតចំនួន២០រូបដែលបានទទួលអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន​ សម្រាប់ឆ្នាំសិក្សា២០១៨-២០២២៕