(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋអ្នកខេត្តពោធិ៍សាត់ ដែលបានចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ព្រោះថាបើគ្មានការចូលរួមរបស់ប្រជាពលរដ្ឋទេនោះ ប្រទេសដ៏កម្សត់មួយនេះក៏គ្មានសន្តិភាព គ្មានភាពចម្រើនសម្បូរសប្បាយរុងរឿងដូចពេលនេះឡើយ។

ការថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោករួមជាមួយក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ​មន្ត្រីរាជការ និងពុទ្ធបរិស័ទជាង១ពាន់នាក់ អញ្ជើញចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តលលកស ស្ថិតនៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី៩​ ខែតុលា ឆ្នាំ២០១៨។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ជម្រាបដល់ប្រជាពុទ្ធបរិស័ទផងដែរ។

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានលើកឡើងថា​រយៈពេល១៥ថ្ងៃ ចាប់ពីបិណ្ឌ១ដល់បិណ្ឌ១៥ ប្រជាពលរដ្ឋគ្រប់រូបបានចូលរួមធ្វើបុណ្យជាមួយគ្នា យ៉ាងសប្បាយរីករាយគ្រប់ទិសទី ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

ក្នុងឱកាសអញ្ជើញទៅដាក់បិណ្ឌនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកចង្ហាន់ ទេយ្យទានទៅវេរប្រគេនដល់ព្រះសង្ឃ ​និងអំណោយជូនប្រជាពលរដ្ឋរួមមាន:

១.​​ ប្រគេន​ដល់ព្រះសង្ឃ​ ទឹកសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ​ មី ទឹកសុីអុីវ ទឹកត្រី អង្ករនាងខុន ស្ករស តែ បច្ច័យប្រគេនព្រះសង្ឃ១អង្គ២មុឺនរៀល
២. ប្រគេនបច្ច័យកសាងវត្តចំនួន២លានរៀល​
៣. ប្រជាពលរដ្ឋចូលរួម១១០១នាក់​ ម្នាក់ៗទទួលបានសារ៉ុង១​ ថវិកា១ម៉ឺនរៀល
៤. តាជី_យាយជី ក្នុងម្នាក់ៗទទួលបានក្រណាត់ស ១ដុំ ថវិកា១មុឺនរៀលផងដែរ៕