(កំពង់ស្ពឺ)៖ តាមរយ:លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកិតិ្តយសអនុសាខាកាកបាទក្រហមកម្ពុជាខេត្ត​ អំណោយជាច្រើនរបស់កាកបាទក្រហមកម្ពុជា​ ​ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន​ ៣៤គ្រួសារ ក្នុងភូមិព្រៃពីរ​និងភូមិអង្គក្តី ឃុំទួលអំពិល ស្រុកបរសេដ្ឋ​ ដែលរងគ្រោះដោយសារខ្យល់កន្ទ្រាក់។

សកម្មភាពនេះក៏មានការចូលរួមពីលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយមន្ត្រីរាជការ ប្រធានមន្ទីរ មេឃុំ​ មេភូមិ។

អំណោយដែលចែកជូនគ្រួសាររងគ្រោះខាងលើ ក្នុងមួយគ្រួសារទទួលបានថវិកា អង្ករ ប្រេងឆា ត្រីខ មី ទឹកស៊ីអ៊ីវ ទឹកត្រី សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរមានប្រគល់ជូនប៉ាតង់ ភួយ មុង ថែមទៀតផងទៀតផងដែរ។

ក្នុងឱកាសនោះ លោក វ៉ី សំណាង បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដែលជានិច្ចកាលសម្តេចតែងបានគិតគូរ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសចំពោះពលរដ្ឋដែលរងគ្រោះដោយសារតែគ្រោះធម្មជាតិនេះ។

លោកថា​ សម្តេចក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់ពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា ដូចជាករណីខាងលើនេះដែរ។

ជាមួយគ្នានោះ​ លោកអភិបាលខេត្តកំពង់ស្ពឺ​ ថែមទាំងបានផ្តាំផ្ញើដល់លោកតាលោកយាយ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព និងអនាម័យក្នុងការរស់នៅផងដែរ៕