(ភ្នំពេញ)៖ សមាគមយុវជនកំណែទម្រង់រដ្ឋ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីថ្លែងការណ៍ គាំទ្រនូវខ្លឹមសាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានប្រកាសមិនដោះដូរអធិបតេយ្យជាតិជាមួយជំនួយបរទេស និងការមិនយកសន្តិភាពរបស់ប្រទេសទៅដោះដូរជាមួយជំនួយ ហើយប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ជំហរយ៉ាងច្បាស់ថា កម្ពុជាត្រូវប្រឹងរស់ងើបឈរឡើងដើម្បីការពារឯករាជ្យភាព អធិបតេយ្យរបស់ប្រទេស ការពារសន្តិភាពរបស់ប្រទេស។

សមាគមយុវជនកំណែទម្រង់រដ្ឋ ដែលមានលោក ប៉ុល សីហា ជាប្រធាន បានគូសបញ្ជាក់ដោយឃើញរដ្ឋធម្មនុញ្ញ នៃកម្ពុជាមាត្រា៥២ ក៏បានចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារឯកភាពជាតិ រក្សាការពារទំនៀមទំលាប់ និងប្រពៃណីល្អរបស់ជាតិ។ រាជរដ្ឋាភិបាលកម្ពុជាត្រូវការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។

ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយសហគមន៍ និស្សិត និងកម្មសិក្សាការីខ្មែរនៅប្រទេសជប៉ុន នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨។

សមាគមយុវជនកំណែទម្រង់រដ្ឋ ក្នុងនាមជាកូនខ្មែរស្នេហាជាតិ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ខាងលើនេះដែលមានចរិត និងស្មារតីជាគោលការណ៍រឹងដូចដែកថែបដោយ «មិនយកអធិបតេយ្យ ឯករាជ្យជាតិ និងសន្តិភាពដូរជាមួយជំនួយ» និង «កម្ពុជា ត្រូវមានសិទ្ធិអនុវត្តច្បាប់កម្ពុជា»

សមាគមយុវជនកំណែទម្រង់រដ្ឋ សូមប្រកាសមិនគាំទ្រដាច់ខាត ចំពោះគោលជំហររបស់បុគ្គលមួយចំនួនមាននិន្នាការផ្ទុយដែលព្រមឱនក្បាលដាក់បរទេសដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យ៕