(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃមកនេះមជ្ឈដ្ឋានក្រុមអ្នកនយោបាយរត់ចោលស្រុក និងអ្នកគាំទ្រដ៏ងប់ងុលរបស់ខ្លួនពិតជាកំពុងមានមោទនភាពដែលបានឃើញផែនការបំផ្លាញកម្ពុជា របស់ខ្លួនត្រូវបានបន្ទរដោយក្រុមអ្នក នយោបាយចង្អៀតចង្អល់និយមរបស់អឺរ៉ុបមួយចំនួន។ ពួកគេបានយកឈ្មោះសហភាពអឺរ៉ុបទាំងមូល មកគំរាមកំហែងកម្ពុជាក្រោមលេសសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដោយ​បញ្ជាក់​ថា ខ្លួន​ចាប់​ផ្តើម​​អនុវត្ត​ដំណើរ​ការ​​ដក​​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ​​​ដល់​​​កម្ពុជា​​។

ពួកគេគំរាមកម្ពុជាដាក់ទណ្ឌកម្មតែថា​នៅ​​​​បើក​​ទ្វារ​​​ចំហ​​​សម្រាប់​​​ការ​​​សន្ទនា​​​ទាក់​ទង​​ នឹង​​ការ​​​បន្ត​​​​គោល​​នយោបាយ​​អនុគ្រោះ​​ពន្ធ​ដល់​កម្ពុជា​ ក្នុង​ការ​នាំ​ទំនិញ​​ទៅកាន់​ទីផ្សារ​ប្រទេស​លោក​សេរី​ដោយ​រួច​ពន្ធ​។​​ ហេតុអ្វីបានជាបុគ្គលមួយចំនួនដែលធ្វើការនៅសភាអឺរ៉ុប និងស្នងការអឺរ៉ុបដើរតាមសេណារីយូដូចដែលក្រុមអ្នកនយោបាយប្រឆាំងក្បត់ជាតិ រត់ចោលស្រុកដឹកនាំដោយ សម រង្ស៊ី និង កឹម មនោវិទ្យា កូនស្រីរបស់ កឹម សុខា តែងតែទាមទារដែរនេះ?

តើក្រុមណាដើរតាមក្រុមណា ឬជាក្រុមតែមួយដែលមានគោលដៅបំផ្លាញកម្ពុជាតាមបែបបដិវត្តន៍ពណ៌ដែលត្រូវបានបរាជ័យម្តងរួចមកហើយនោះ?

ទី១៖ ចៅហ្វាយនាយនិងកញ្ជះនយោបាយរបស់ខ្លួនមានគោលដៅបំផ្លាញកម្ពុជាដូចគ្នា៖ ផែនការបដិវត្តន៍ពណ៌ដែលចៅហ្វាយបរទេសរបស់ក្រុមអ្នកនយោបាយប្រឆាំងបានដាក់ ឱ្យអនុវត្តបំផ្លាញកម្ពុជាតាមរយៈមេដឹកនាំគណបក្សសង្គ្រោះជាតិត្រូវបានកម្ទេចចោលទាំងស្រុង គណបក្សសង្គ្រោះជាតិ ដែលជាអង្គការចាត់តាំងនយោបាយបដិវត្តន៍ពណ៌ត្រូវបានរំលាយចោលដោយសាលដីកាតុលាការកំពូល មេក្លោងបដិវត្តន៍ពណ៌ចំនួន ១១៨ នាក់ត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល ៥ ឆ្នាំ ហើយមេក្លោងធំ កឹម សុខា ត្រូវបានចាប់ដាក់ពន្ធនាគារ រង់ចាំការកាត់ទោសចំពោះទង្វើក្បត់ជាតិរបស់ខ្លួន។ ចំណែកក្រុមជនក្បត់ជាតិដូចជា សម រង្ស៊ី អេង ឆៃអ៊ាង មូរ សុខហួរ កឹម មនោវិទ្យា បាននិងកំពុងរត់ចោលស្រុកដើម្បីបន្តផែនការបំផ្លាញកម្ពុជាពីក្រៅប្រទេសក្រោម ជំនួយរបស់ចៅហ្វាយនាយបរទេសរបស់ពួកគេ។ កាលដែលរាជរដ្ឋាភិបាលកម្ទេចផែនការ និងអង្គការចាត់តាំងបដិវត្តន៍ពណ៌នៅកម្ពុជា បានធ្វើឱ្យចៅហ្វាយនាយបរទេសពួកគេឈឺចុកចាប់យ៉ាងខ្លាំង ហើយក៏ជាលើកទី១ ក្នុងប្រវត្តិសាស្ត្រនៃបដិវត្តន៍ពណ៌របស់ខ្លួនដែលបានទទួលបរាជ័យយ៉ាងអាម៉ាស់ និងតាំងចិត្តសងសឹកប្រឆាំងកម្ពុជា មិនអត់ឱនឱ្យ កម្ពុជា និងមិនទុកឱ្យកម្ពុជាបានសុខឡើយ។

ពួកគេមិនស្តាប់ហេតុផល និងមិនគោរពឆន្ទៈប្រជាពលរដ្ឋខ្មែរដែលបានទៅ បោះឆ្នោតចំនួន ៨៣,០២% នៃអ្នកមានឈ្មោះបោះឆ្នោតសរុបជាង ៨ លាននាក់ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីត្រឹមត្រូវ និងយុត្តិធម៌ឡើយ។ ក្នុងចំណោមអ្នកទៅបោះឆ្នោត ៧៧% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសការពារសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ។ ជនបរទេសដែលបានតាំងខ្លួនជាម៉ែឪកម្ពុជា ពួកគេបានគិតនិងសម្រេចចិត្តប្រកបដោយអគតិចំពោះជាតិនិងប្រជាជនកម្ពុជា។ ហេតុដូច្នេះហើយបានជាទាំងចៅហ្វាយនាយ និងកញ្ជះរបស់ខ្លួនរៀបចំផែនការរួមគ្នាតែមួយ បន្តបំផ្លាញ និងសងសឹកចំពោះកម្ពុជាតាមសំណើរបស់ក្រុមប្រឆាំងក្បត់ជាតិ សម រង្ស៊ី និងកឹម មនោវិទ្យា ក្នុង រូបភាពថាប្រសិនបើខ្លួនមិនអាចឡើងគ្រប់គ្រងប្រទេសកម្ពុជាបាន អ្នកផ្សេងទៀតក៏មិនអាចដឹកនាំប្រទេស ដោយសុខស្រួលឡើយ ហើយរដ្ឋាភិបាលដែលកើតពីឆន្ទៈប្រជាពលរដ្ឋខ្មែរធ្វើអ្វីក៏មិនត្រូវដែរ។ ហេតុដូច្នេះហើយបានជាទាំងចៅហ្វាយនាយបរទេស និងជនជាតិខ្មែរមួយចំនួនដែលជាកញ្ជះបរទេសបានប្រើប្រាស់វោហាសាស្ត្រវាយប្រហារកម្ពុជា គំរាមកំហែងកម្ពុជាលើការដកប្រព័ន្ធអនុគ្រោះពន្ធ និងចាប់បង្ខំឱ្យកម្ពុជាទទួលយកនូវលក្ខខណ្ឌដ៏អយុត្តិធម៌មកលើកម្ពុជា។

ទី២៖ ដាច់ខាតកម្ពុជាមិនឱនក្បាលចំពោះការរំលោភបំពានមកលើអធិបតេយ្យ និងបូរណភាព និងឯករាជភាពរបស់ខ្លួនឡើយ÷ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាច្រើនលើកច្រើនសា រួចហើយថា ក្នុងនាមជារដ្ឋឯករាជ្យ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន កម្ពុជាដាច់ខាតមិនឱន ក្បាលចំពោះបរទេសណាមួយឡើយ ហើយគ្រាន់តែដើម្បីបានជំនួយ កម្ពុជាមិនឱនក្បាលចំពោះបរទេសណា មួយឡើយ។ កម្ពុជាត្រូវក្រោកឈរឡើងដើម្បីប្រឆាំងនឹងការរំលោភបំពាន និងការពារសន្តិភាព និងការអភិវឌ្ឍ ដែលខ្លួនមាន។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៨ ពីប្រទេសជប៉ុនប្រតិកម្មចំពោះ ការគំរាមរបស់សហគមន៍អឺរ៉ុបថា សូមចាត់ការតាមនីតិវិធី ហើយកម្ពុជាត្រៀមខ្លួនរួចហើយចំពោះការសម្រេចចិត្តណាមួយនាពេលខាងមុខ។ នេះគឺជាភាពខ្លាំងរបស់កម្ពុជាជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលដឹកនាំប្រកប ដោយទេពកោសល្យ និងទំនូលខុសត្រូវ ដែលមិនឱនក្បាលដាក់បរទេសណាមួយឡើយ ហើយព្យាយាមជម្នះ ដើម្បីការពារជាតិ និងប្រជាជនកម្ពុជា ការពារកិត្តិយស និងកិត្យានុភាពជាតិខ្មែរ។ ចំណែកក្រុមអ្នកនយោបាយ រត់ចោលស្រុកគិតតែពីខំបំផ្លាញកម្ពុជាគ្រប់រូបភាព។

ប៉ុន្តែមុននឹងសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា មិនមែន មានតែសំឡេងមនុស្សពីរ ឬបីនាក់ស្រែក អាចធ្វើបានឡើយ គឺចាំបាច់ត្រូវមានការយល់ព្រម (កង់សង់ស៊ីស) ពីរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុបជាមុនសិន។ ប្រសិនបើសហភាពអឺរ៉ុបពិតជាសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធដែលខ្លួនធ្លាប់ទទួលពីមុននោះ ផលវិបាកមិនដូចអ្វីដែលក្រុមអ្នកនយោបាយប្រឆាំងបំភ្លៃឡើយ ពោលគឺក្នុងទីផ្សារសេរី កម្ពុជាអាចបន្តនាំចូលផលិតផលរបស់ខ្លួនទៅទីផ្សារអឺរ៉ុបដដែល ប៉ុន្តែពីការអនុគ្រោះពន្ធមកជាបង់ពន្ធវិញក្នុងទីផ្សារសេរី។ ប៉ុន្តែមុននឹងឈានដល់ដំណាក់កាលនេះ ពួកគេត្រូវការអនុវត្តនីតិវិធី និងពេលវេលាជាច្រើនទៀត។ ពួកគេប្រើមធ្យោបាយគំរាមកម្ពុជា និងទុកឱ្យកម្ពុជាធ្វើការចរចាជាមួយក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុកប៉ុន្តែកម្ពុជាជាពិសេសសម្តេចតេជោ ហ៊ុន សែន បានស្គាល់ច្បាស់ថាតើកម្ពុជាកំពុងស្ថិតនៅលើទីតាំងណា និងមានសមត្ថភាពប៉ុណ្ណាពិតប្រាកដនៅចំពោះមុខការគំរាមកំហែង សម្លុតដាក់ទណ្ឌកម្មពីបរទេសដែលព្យាយាម ប្រើប្រាស់ឥទ្ធិពលមកលើកម្ពុជា ចង់ធ្វើអាណានិគមបែបថ្មីលើប្រទេសមួយនេះដែលធ្លាប់ឆ្លវកាត់សោកនាដកម្មរាប់មិនអស់ដោយឆ្លងកាត់របបអាណានិគមបារាំងជិត១០០ឆ្នាំ បន្ទាប់ពីកម្ពុជាបានឯករាជ្យនៅឆ្នាំ ១៩៥៣ ត្រូវបានបន្តជ្រៀតជ្រែកពីមហាអំណាចអាមេរិក ឆ្លងកាត់របបខ្មែរក្រហមប្រល័យពូជសាសន៍។

ទី៣៖ គ្មានអ្វីត្រូវចរចា គ្មានការលើកលែវជនក្បត់ជាតិ និងគ្មានការអនុញ្ញាតឱ្យបក្សក្បត់ជាតិរស់ឡើងវិញឡើយ៖ សហភាព​​អឺ​រ៉ុប​ បាន​ព្រមាន​ថា​ ការ​​អនុគ្រោះពន្ធ​នឹង​ត្រូវ​​​បញ្ចប់​​ បើ​​កម្ពុជា​មិន​កែ​លម្អ​ផ្នែក​សិទ្ធិ​មនុស្ស​។​ នេះ​ជាការ​លើក​ឡើង​​របស់​លោក​ស្រី ​​Cecilia ​Malstrom​ ស្នងការ​អឺរ៉ុប​សម្រាប់​ពាណិជ្ជកម្ម។ សម្តីនេះបង្ហាញពីចរិតអាណានិគម និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជាយ៉ាងច្បាស់ ហើយស្តាប់តែតាមរបាយការណ៍របស់ក្រុម កញ្ជះដាច់ថ្លៃបរទេសមួយចំនួនជាក្រុមជនក្បត់ជាតិ អ្នកនយោបាយរត់ចោលស្រុក និងបណ្តាញអង្គការសង្គមស៊ីវិលស៊ីឈ្នួលបរទេសជាតិ និងអន្ងរជាតិមួយចំនួន។ ពួកគេធ្វើជាមិនឃើញ ធ្វើជាស្តាប់មិនឮនូវអ្វីដែលកើតឡើង ពិតប្រាកដនៅកម្ពុជាដែលពោរពេញដោយសិទ្ធិ សេរីភាព និងលទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋរីករាយចំពោះអ្វីដែលកម្ពុជាមានបច្ចុប្បន្ន។
បរទេសមួយចំនួនបានកាន់ជើងក្រុមជនក្បត់ជាតិ សម រង្ស៊ី កឹម សុខា ដោយមើលមិន ឃើញនូវទង្វើក្បត់ជាតិ ក្បត់សាសនា ក្បត់ព្រះមហាក្សត្ររបស់ពួកគេ។
ជនបរទេសទាំងនោះបែរជាមើលឃើញ ទង្វើក្បត់ជាតិ និងការធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ថាជាដំណើរការលទ្ធិប្រជាធិបតេយ្យទៅ វិញ។ ពួកគេមើលឃើញចំណាត់ការផ្លូវច្បាប់ប្រាំងនឹងផែនការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ឡើងកាន់អំណាចតាមបដិវត្តន៍ពណ៌តាមបែបមិនប្រជាធិបតេយ្យថាជាការរំលោភសិទ្ធិមនុស្ស។ ពួកគេមើលឃើញការអនុវត្តច្បាប់ ប្រឆាំងនឹងជនលួចគៃបន្លំប្រាក់បង់ពន្ធដារដោយធ្វើអាជីវកម្មនៅកម្ពុជាមិនបង់ពន្ធឱ្យកម្ពុជាដូចជាកាសែត ឌឹ ខេមបូឌា ដេលី និងវិទ្យុអាស៊ីសេរី ថាជាការបិទសិទ្ធិសេរីភាពទៅវិញ។ នេះជាការធម្មតាដែលចៅហ្វាយនាយរបស់ពួកគេពិតជាឈឺចាប់នៅពេលកញ្ជះដាច់ថ្លៃរបស់គេត្រូវបានដាក់ទោសទណ្ឌពីទង្វើខុសច្បាប់ និងកាន់តែមិនសបនបាយចិត្តពេលផែនការរបស់ខ្លួនត្រូវបានកម្ទេច។ ប៉ុន្តែសម្រាប់ថ្នាក់ដឹកនាំកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវថែរក្សា និងការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះឱ្យបាន។ កម្ពុជាគ្មាន ភាពចាំបាច់ត្រូវចរចា ឬបន្តសណ្តោសប្រណីចំពោះក្រុមជនក្បត់ជាតិឡើយ ហើយក៏មិនឱនក្បាលចំពោះមុខក្រុម បំផ្លាញកម្ពុជា និងការគំរាមកំហែងរបស់ក្រុមជនបរទេសដែលក្លែងខ្លួនស្រឡាញ់ខ្មែរជាងជនជាតិខ្មែរដែរ។ មេរៀន ប្រវត្តិសាស្ត្របានប្រាប់ពលថដ្ឋខ្មែររួចហើយថា ការលូកដៃជ្រៀតជ្រែករបស់បរទេសមកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា មិនដែលធ្វើឱ្យកម្ពុជាមានសេចក្តីសុខឡើយ គឺមានតែការបែកបាក់ជាតិ សង្គ្រាម និងការបំផ្លិចបំផ្លាញ។ កម្ពុជា សម័យតេជោ មានសុខសន្តិភាព ២០ ឆ្នាំមកនេះគឺក្រោមស្នាដៃរបស់ប្រជាពលរដ្ឋខ្មែរដោយផ្ទាល់។

ដូច្នេះ កម្ពុជាមិនឱនក្បាលចំពោះការប្រមាថរបស់បរទេសដើម្បីប្តូរជំនួយឡើយ ហើយកម្ពុជាក៏មិនឱនក្បាល ចំពោះការប្រមាថបរទេសដើម្បីប្តូរនឹងការទទួលស្គាល់ថាកម្ពុជាមានសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យដែរ។ កម្ពុជាមានសេចក្តីថ្លៃថ្នូរ និងកិត្តិយស កិត្យានុភាពរបស់ខ្លួន ហើយមិនចុះញមនឹងការប្រមាថរបស់ក្រុម ជនបរទេសមួយក្តាប់តូចដែលលម្អៀងទៅរកក្រុមជនក្បត់ជាតិឡើយ។ កម្ពុជារឹងមាំជានិច្ច និងពោរពេញដោយសាមគ្គីជាតិប្រឆាំងរាល់ការបំផ្លាញជាតិខ្មែរគ្រប់ទម្រង់របស់ក្រុមបរទេសនិងកញ្ជះនយោបាយរបស់ពួកគេ៕

ដោយ៖ ចៅចាក់ស្មុក
ស្រុកកំចាយមារ ខេត្តព្រៃវែង, ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨