(ស្វាយរៀង)៖ លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានចេញលិខិតអញ្ជើញមួយទៀត ដើម្បីឲ្យម្ចាស់សេវាខុសច្បាប់មួយកន្លែងឈ្មោះ មន្ទីរសម្រាកព្យាបាល សោភ័ណ អូវ៉ាង មកបង់ប្រាក់ពិន័យ និងទទួលការណែនាំជាលើកចុងក្រោយ ក្នុងការស្នើសុំច្បាប់បើកសេវាឯកជនមួយនេះ ទៅក្រសួងសុខាភិបាល និងបញ្ឈប់ការផ្តល់សេវាសិន រហូតដល់មានការអនុញ្ញាតច្បាប់ពីក្រសួងសុខាភិបាល។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានប្តេជ្ញាចិត្តថា លោកនឹងលុបបំបាត់ឱ្យអស់ សេវាឯកជនខុសច្បាប់នៅក្នុងខេត្តស្វាយរៀង។ លោកថា ដើម្បីលុបបំបាត់សេវាសុខាភិបាលខុសច្បាប់នេះ ឱ្យមានប្រសិទ្ធភាព ត្រូវតែមានការចូលរួមសហការពី ព្រះរាជអាជ្ញា អាជ្ញាធរខេត្ត សមត្ថកិច្ចមូលដ្ឋាន និងភាគីពាក់ព័ន្ធ ដោយអនុវត្តតាមគោលការណ៍ច្បាប់ជាធំ។

សូមជម្រាបថា មន្ត្រីលេខាធិការដ្ឋានលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ខេត្តស្វាយរៀង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងដែរថា មន្ទីរសុខាភិបាលខេត្តស្វាយរៀង ក៏ធ្លាប់បានអញ្ជើញម្ចាស់សេវាមន្ទីរសម្រាកព្យាបាល សោភ័ណ អូវ៉ាង នៅក្រុងបាវិត ដែលបានបើកពិនិត្យព្យាបាលអត់ច្បាប់អនុញ្ញាតមកបំភ្លឺ មកបង់ប្រាក់ផាកពិន័យ និងធ្វើកិច្ចសន្យាបញ្ឈប់ការផ្តល់សេវាសិន រហូតដល់មានការអនុញ្ញាតច្បាប់ពីក្រសួងសុខាភិបាល។ មន្ត្រីជំនាញ បានណែនាំទៅម្ចាស់សេវាខុសច្បាប់នេះ ឱ្យរៀបចំឯកសារ បំពេញបែបបទឲ្យបានត្រឹមត្រូវ ដើម្បីស្នើសុំទៅក្រសួងសុខាភិបាល។

មន្ត្រីលេខាធិការដ្ឋាននេះ បានបន្តថា មន្ត្រីធ្លាប់បានណែនាំម្ចាស់គ្លីនិកមួយនេះ ដោយយោងតាមប្រកាសរួមលេខ ១៣៥៦ សហវ.ប្រក. ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រសួងសុខាភិបាល ស្តីពីការផ្តល់សេវាសាធារណៈ និងការផាកពិន័យអន្តរការណ៍ជាប្រាក់ និងយោងតាមសេចក្តីណែនាំ លេខ០០១ អបស.មព ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលជម្រាបជូនដល់ម្ចាស់សេវាព្យាបាលជំងឺឯកជន ក្នុងការបើកនិងបិទសេវាឯកជន។ ប៉ុន្តម្ចាស់សេវាខុសច្បាប់មួយនេះ មិនព្រមមកបង់ប្រាក់ពិន័យ ហើយនៅតែបន្តការផ្តល់សេវារហូតដល់បច្ចុប្បន្ន ដោយមិនខ្លាចញញើតនឹងច្បាប់បន្តិចសោះឡើយ៕