(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា រយៈពេល៦ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត ៥៣,៧៣២នាក់ បានចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី ដែលរៀបចំឡើងដោយ គ.ជ.ប។

របាយការណ៍បានបង្ហាញផងដែរថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ដែលធ្វើឡើងពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែតុលា នេះ គ.ជ.ប បានសម្រេចលុបឈ្មោះអ្នកបោះឆ្នោត ៧,២១១នាក់ ចេញពីបញ្ជីឈ្មោះបោះឆ្នោត និង៤៥៨នាក់ទៀត បានកែតម្រូវទិន្នន័យមួយចំនួន។

គ.ជ.ប បានគូសបញ្ជាក់ថា ដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៨នេះ នៅសល់រយៈពេលតែ១២ថ្ងៃប៉ុណ្ណោះ នឹងត្រូវបិទបញ្ចប់ហើយ។ ក្នុងន័យនេះ គ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលបានចុះឈ្មោះរួចហើយសូមទៅពិនិត្យឈ្មោះ ដើម្បីកែតម្រូវចំណុចដែលខុសឆ្គងកន្លងមក។

ដោយឡែកប្រជាពលរដ្ឋទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០១) និងប្រជាពលរដ្ឋមិនធ្លាប់ បានចុះឈ្មោះបោះឆ្នោតពីមុនមក ក៏សូមអញ្ជើញរួសរាន់ទៅចុះឈ្មោះឱ្យបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕