(ភ្នំពេញ)៖ ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ នេះ សិស្សសាលាអន្តរជាតិ​ អេសអាយអេស (SIS) ចំនួន ១៥៥នាក់ បានទទួលការបណ្តុះបណ្តាល ចំណេះដឹងមូលដ្ឋានអំពីសុវត្ថិភាពម្ហូបអាហារ ពីមន្ត្រីជំនាញកាំកុងត្រូល សាខាផែស្ងួតចុងទី-ភ្នំពេញ។ មន្ត្រីកាំកុងត្រូលចុះផ្សព្វផ្សាយអប់រំស្តីពីសុវត្ថិភាពចំណីអាហារដល់សិស្សសាលា ក្នុងខណៈពេលដែលប្រជាពលរដ្ឋច្រើនជាង ៦០០ លាននាក់ឈឺ និង ច្រើនជាង ៤២ ម៉ឺននាក់ ស្លាប់ ដោយសារអាហារមិនមានសុវត្ថិភាពក្នុងមួយឆ្នាំៗនៅលើពិភពលោកនេះ។

ប្រឈមនិងនិន្ននាការពិភពលោក «សុវត្ថិភាពម្ហូបអាហារ» ត្រូវបានលើកឡើងជាអទិភាពមួយក្នុងចំណោមអទិភាពទាំង១២ ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់បញ្ចូល ទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ។ វាជារឿងដែលមិនអាចប្រកែកបានដែលថា វឌ្ឍនភាពសេដ្្ឋកិច្ចប្រទេសមួយ អាស្រ័យដោយកត្តាសំខាន់ៗមួយចំនួន ក្នុងនោះកត្តាធនធានមនុស្សជាកត្តានាំមុខ។ ចំណេះដឹងអំពីសុវត្ថិភាពម្ហូបអាហារ គឺជាកាតាលីករ ដែលជំរុញសង្គម ទាំងមូលអោយមានសុខមាលភាព រួមចំណែកជំរុញធនធានមនុស្សក្នុងសង្គម អោយមានការរីកចំរើននិងនិរន្តភាពផងដែរ។

យោងលើសារសំខាន់នេះ សាលារៀនអន្តរជាតិ អេសអាយអេស (SIS) បានសហការជាមួយ​អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បើកវគ្គអប់រំផ្សព្វផ្សាយ​អំពី «សុវត្ថិភាពម្ហូបអាហារ និង កិច្ចការការពារអ្នកប្រើប្រាស់» លើកទី៣ ដើម្បីបញ្ជ្រាបចំណេះដឹងអំពីសុវត្ថិភាពម្ហូបអាហារ ដល់សិស្សានុសិស្ស បន្ថែមលើកម្មវិធីសិក្សារបស់សាលា។

លោក ខៀវ បញ្ញាវឌ្ឍន៍ គ្រូបង្គោលសុវត្ថិភាពចំណីអាហារនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្រុមការងាររបស់លោកតែងតែចុះអប់រំដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន សិស្សសាលាតាមគ្រឹស្ថានសាធារណៈ អាជីវករ តាមទីផ្សារនានា ដើម្បីណែនាំពួកគាត់ឲ្យយល់ដឹងអំពីរបៀបនៃកាជ្រើសរើសម្ហូបអាហារ ការថែរក្សាទុក ការចំអិន និងពន្យល់ពួកគាត់អំពីការប្រើប្រាស់សារធាតុគីមីហាមឃាត់លើម្ហូបអាហារ ដែលជះឥទ្ធិពលអាក្រក់ដល់សុខភាពអ្នកប្រើប្រាស់។

អគ្គនាយកដ្ឋានកាំកុងត្រូល បាននិងកំពុងធ្វើសកម្មភាពយ៉ាងពុះកញ្ជ្រោលក្នុងរយៈកាលរដូវបុណ្យភ្ជុំបិណ្ឌនេះ នៅលើទីផ្សាររទូរទាំងប្រទេស ដែលម្ហូបអាហារត្រូវបានប្រើប្រាស់យ៉ាងគំហុគ ដើម្បីធានាបាននូវសុខភាពនិងសុខភាពជូនប្រជាពលរដ្ឋ៕