(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨នេះ សិស្សសាលាអន្តរជាតិ អេសអាយអេស (SIS) ចំនួន ១៥៥ នាក់ បានទទួលការបណ្តុះបណ្តាល ចំណេះដឹងមូលដ្ឋានអំពីសុវត្ថិភាពម្ហូបអាហារ ពីមន្ត្រីជំនាញកាំកុងត្រូល សាខាផែស្ងួតចុងទី-ភ្នំពេញ។ មន្ត្រីកាំកុងត្រូលចុះផ្សព្វផ្សាយអប់រំស្តីពីសុវត្ថិភាពចំណីអាហារដល់សិស្សសាលា ក្នុងខណៈពេលដែលប្រជាពលរដ្ឋច្រើនជាង ៦០០ លាននាក់ឈឺ និងច្រើនជាង ៤២ម៉ឺននាក់បានស្លាប់ ដោយសារអាហារមិនមានសុវត្ថិភាពក្នុងមួយឆ្នាំៗនៅលើពិភពលោកនេះ។

ប្រឈមនឹងនិន្ននាការពិភពលោក «សុវត្ថិភាពម្ហូបអាហារ» ត្រូវបានលើកឡើងជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង១២ ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់បញ្ចូល ទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ។ វាជារឿងដែលមិនអាចប្រកែកបានដែលថា វឌ្ឍនភាពសេដ្ឋកិច្ចប្រទេសមួយ អាស្រ័យដោយកត្តាសំខាន់ៗមួយចំនួន ក្នុងនោះកត្តាធនធានមនុស្សជាកត្តានាំមុខ។ ចំណេះដឹងអំពីសុវត្ថិភាពម្ហូបអាហារ គឺជាកាតាលីករ ដែលជំរុញសង្គម ទាំងមូលអោយមានសុខមាលភាព រួមចំណែកជំរុញធនធានមនុស្សក្នុងសង្គម អោយមានការរីកចំម្រើន និងនិរន្តរភាពផងដែរ។

យោងលើសារសំខាន់នេះ សាលារៀនអន្តរជាតិ អេសអាយអេស (SIS) បានសហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បើកវគ្គអប់រំផ្សព្វផ្សាយអំពី «សុវត្ថិភាពម្ហូបអាហារ និង កិច្ចការការពារអ្នកប្រើប្រាស់» លើកទី៣ ដើម្បីបញ្ជ្រាបចំណេះដឹងអំពីសុវត្ថិភាពម្ហូបអាហារ ដល់សិស្សានុសិស្ស បន្ថែមលើកម្មវិធីសិក្សារបស់សាលា។

លោក ខៀវ បញ្ញាវឌ្ឍន៍ គ្រូបង្គោលសុវត្ថិភាពចំណីអាហារនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្រុមការងាររបស់លោកតែងតែចុះអប់រំដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន សិស្សសាលា តាមគ្រឹះស្ថានសាធារណៈ អាជីវករ តាមទីផ្សារនានា ដើម្បីណែនាំពួកគាត់ឲ្យយល់ដឹងអំពីរបៀបនៃកាជ្រើសរើសម្ហូបអាហារ ការថែរក្សាទុក ការចម្អិន និងពន្យល់ពួកគាត់អំពីការប្រើប្រាស់សារធាតុគីមីហាមឃាត់លើម្ហូបអាហារ ដែលជះឥទ្ធិពលអាក្រក់ដល់សុខភាពអ្នកប្រើប្រាស់។

អគ្គនាយកដ្ឋានកាំកុងត្រូល បាននិងកំពុងធ្វើសកម្មភាពយ៉ាងពុះកញ្ជ្រោលក្នុងរយៈកាលរដូវបុណ្យភ្ជុំបិណ្ឌនេះ នៅលើទីផ្សារទូទាំងប្រទេស ដែលម្ហូបអាហារត្រូវបានប្រើប្រាស់យ៉ាងគំហុក ដើម្បីធានាបាននូវសុខភាព និងសុខភាពជូនប្រជាពលរដ្ឋ។

យើងក៏បានសង្កេតឃើញដែរថា លោក ម៉ក់ ពេជ្ជរិទ្ជ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានបើកយុទ្ធនាការនាំមុខលើទីផ្សារធំៗមួយចំនួន ដោយដាក់ពង្រាយមន្ត្រីជំនាញឲ្យឈរជើងប្រចាំការនៅនឹងទីផ្សារផ្ទាល់តែម្តង ក្នុងគោលបំណងដោះស្រាយបញ្ហាដែលនឹងអាចកើតឡើងជាយថាហេតុ ដោះស្រាយបញ្ហាមិនប្រក្រតីចំពោះម្ហូបអាហារនៅលើទីផ្សារ ក៏ដូចជាការចុះត្រួតពិនិត្យផ្ទាល់ និងជាប្រចាំ ហើយសកម្មភាពនេះបានកាត់បន្ថយការព្រួយបារម្ភរបស់អ្នកប្រើប្រាស់បានយ៉ាងច្រើន៕