(ភ្នំពេញ)៖​ ជនជាតិប៊ែលហ្សិក ដែលជាមេខ្លោងជួញដូរគ្រឿងញៀនឆ្លងដែន ត្រូវបានកម្លាំងជំនាញ នគរបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១) បានស្រាវជ្រាវ និងឈានចាប់ខ្លួនបាន នៅចំណុចច្រកចេញដំណើរ នៃប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត ស្ថិតក្នុងភូមិបាវិត កណ្តាល សង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ម្សិលមិញនេះ។

ជនជាតិប៊ែហ្សិក(Belgium)នេះ មានឈ្មោះ TALLER TANGUY EDDIE J. ភេទប្រុស ដោយកាន់លិខិតឆ្លងដែនលេខ EN383201។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៤៧៥”យ”ដចន ចុះ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ដោយលោក ម៉េង តូនី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ជនខាងលើត្រូវបានតុលាការកាត់ទោសកំបាំងមុខ ដោយផ្តន្ទាទោសដាក់ ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ចំនួន ៨០លានរៀល ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿង ញៀនឆ្លងដែនដោយខុសច្បាប់ តាមជើងអាកាស ពីប្រទេសប្រេសីល ឆ្លងកាត់អេត្យូពី-ថៃ មកកម្ពុជា ដែលសមត្ថកិច្ចកម្លាំងជំនាញ បានបង្រ្កាបកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចច្រកអ្នកដំណើរមកដល់។

ជាលទ្ធផលពេលនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ CATRY DAVID NOEL M ភេទប្រុស ជនជាតិប៊ែលហ្សិក កាន់លិខិតឆ្លងលេខ EN106323 និងចាប់យកវត្ថុតាងសារធាតុញៀនប្រភេទ Cocaine ទម្ងន់ 1003.24g (លាក់ក្នុងបាតវ៉ាលិស)៕