(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះ មេខ្លោង២នាក់ទៀត ដែលពាក់ព័ន្ធជួញដូរអាវុធខុសច្បាប់ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវបានតុលាការចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារ ក្រោយបញ្ចប់ការសួរនាំ និងធ្វើការចោទប្រកាន់រួចមក។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់តុលាការ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។

ជនត្រូវចោទទាំង២នាក់នេះ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន សហការជាមួយនគរបាលខេត្តប៉ៃលិន ចាប់ខ្លួននៅខេត្តប៉ៃលិន កាលពីថ្ងៃម្សិលមិញ រួចត្រូវបានបញ្ជូនមកកាន់ក្រសួងមហាផ្ទៃ នាយប់មិញនេះ។ នៅរសៀលថ្ងៃនេះ ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។ ដូច្នេះមនុស្សចំនួន១១នាក់ហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធការជួញដូរអាវុធខុសច្បាប់ មានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក អឹម វណ្ណៈ បានសម្រចឃុំខ្លួនបុរសជាប់សង្ស័យជាមេខ្លោងធំ ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្នហើយ។ ការសម្រេចឃុំខ្លួន ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុ សុភ័ក្រ្ត ចោទប្រកាន់ជននេះ រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធសន្និធិអាវុធ និងរឿងផ្ទុះដោយគ្មានការអនុញ្ញាត និងបទ៖ ចូលរួមក្នុងក្រុមជនប្រដាប់អាវុធតាមមាត្រា៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ។

ជនសង្ស័យជាមេក្លោងរូបនេះ មានឈ្មោះ ប៊ុន ប្រសើរ អាយុ៤២ឆ្នាំ ឈ្មោះហៅក្រៅ ថង ឌី នៅភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាសមាជិកចលនារណសិរ្យ​រំដោះជាតិខ្មែរ។ ក្នុងប្រតិបត្តិការនោះ កម្លាំងនគរបាលដកហូតបាន កាំភ្លើង AK ៤៧មួយដើម, អាវុធខ្លីមួយដើម, គ្រាប់បែក​៤គ្រាប់, កាមេរ៉ា​១គ្រឿង, កំព្យូទ័រ១គ្រឿង, ម្សៅក្រាមពណ៌ស​១គីឡូក្រាម, ម្សៅពណ៌លឿង១គីឡូក្រាម, កាំជ្រូចដែលអាចកែច្នៃធ្វើគ្រាប់បែក, កែវឆ្លុះ​៣គ្រឿង និងលិខិតឆ្លងដែន១​។

ជននេះត្រូវបាន​កម្លាំងសមត្ថកិច្ច បើកចាប់ខ្លួនបាន​ នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅក្នុងទឹកដីខេត្តព្រះវិហារ បន្ទាប់ពីបក្ខពួករបស់គេចំនួន៨នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ខេត្តកំពត និងខេត្តពោធិ៍សាត់ ជាមួយនឹងការដកហូតអាវុធជិត៣០ដើម ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ រហូតមក។

ជនត្រូវចោទទាំង៨នាក់ ត្រូវបានចៅក្រមស៊ើបសួរ សម្រេចដាក់ពន្ធនាគារជាបណ្តោះអាសន្នៅ ដើម្បីរង់ចាំវិនិច្ឆ័យទោសនៅពេលក្រោយ ក្រោមការចោទប្រកាន់២បទល្មើសដូចគ្នា គឺបទ «រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ សន្និធិអាវុធ និងរឿងផ្ទុះដោយគ្មានការអនុញ្ញាតិ និងបទ៖​ចូលរួមក្នុងក្រុមជនប្រដាប់អាវុធ តាមមាត្រា៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ»