(ភ្នំពេញ)៖ ​លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ រួមជាមួយព្រះសង្ឃ មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំ​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន​៥០គ្រួសារ ក្នុងសង្កាត់ព្រៃវែង។

អំណោយចែកជូន នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម, កំសៀវទឹក០១, ចង្ក្រានហ្គាស០១, ​ចានស្រាក់០១, ធុងជ័រ០១ និងថវិកា​៣ម៉ឺនរៀល។

ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បាន​នាំនូវការផ្តាំផ្ញើ​សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់​ប្រជាពលរដ្ឋក្រីក្រទាំងអស់ ដែលជានិច្ចកាល​សម្តេចទាំងពីរ តែងបានគិតគូរអំពីសុខទុក្ខ និងយកចិត្តទុកដាក់ចំពោះ​ប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន។

ជាពិសេសចំពោះបងប្អូនក្រីក្រ ជួបការលំបាក ទុរគតជន ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ជាដើម ហើយសម្តេចទាំងទ្វេរបានផ្តាំផ្ញើ​ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូនដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។

បន្ថែមពីនេះ លោក នុត ពុធដារ៉ា ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិ​ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំ​របស់សម្តេច​តេជោ ហ៊ុន សែន ​ដែលសម្តេចបានខិតខំតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ អភិវឌ្ឍន៍ជាតិឲ្យបានរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព។

ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើ​ឲ្យបងប្អូនទាំងអស់ ពិសេសលោកតា លោកយាយ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យការរស់នៅ ដើម្បីរក្សាសុខភាពល្អបានយូរអង្វែង និងមើលការអភិវឌ្ឍន៍រីកចម្រើនរបស់ជាតិយើងបន្តទៀត៕