(ភ្នំពេញ)៖ ឆ្លើយតបនឹងក្រុមអតីតបក្សប្រឆាំងដែលយល់ខុសថា សម្តេចញ័រមាត់ពេលឡើងថ្លែងសេចក្តីថ្លែងការណ៍ នៅអង្គការសហប្រជាជាតិនោះ សម្តេចតេជោ ហ៊ុន សែន បានប្រដៅតបវិញថា មេដឹកនាំដែលកើតចេញពីការតស៊ូលើសមរភូមិរូបនេះ មិនដែលភ័យខ្លាចអ្វីឡើយ សូម្បីក្នុងសម័យតស៊ូ ទោះដឹងថាកាណុងកាំភ្លើងជាច្រើននៅខាងមុខខ្លួន ក៏នៅតែទៅមុខដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ដែលប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សម្រាប់ ហ៊ុន សែន មួយ! អ្នកណាមិនដឹងទេ, ដឹងថាកាំភ្លើងនៅទល់មុននោះរាប់រយដើមដែលកំពុងបាញ់ប្រឈម ក៏នៅតែដើរចូល, អតីតទាហានគឺវាអញ្ចឹង។ អ្វីទៅដែលហៅថាខ្លាច អ្វីទៅដែលហៅថាភ័យ អ្វីទៅដែលហៅថាញ័រ? ពិតហើយការរន្ធត់វាតែងកើតមាន ប៉ុន្តែកន្លែងអង្គការសហប្រជាជាតិ ជាកន្លែងសឹងថាជណ្ដើរហ្នឹងវាស្គាល់ពេក»

សម្ដេចបានបកស្រាយថា រឿងដែលកើតមានក្នុងពេលសម្ដេចថ្លែងសេចក្តីថ្លែងការណ៍ នៅអង្គការសហប្រជាជាតិនោះ គឺមកពីអ្នកពិធីការរបស់អង្គការសហប្រជាជាតិ ដាក់ឯកសារខុសនឹងអ្វីដែលសម្ដេចចង់បាន ដោយបានបញ្ជាក់ថា សម្ដេចបានឱ្យពួកគេដាក់ឯកសារទាំងនោះ មុនពេលសម្ដេចឡើងថ្លែង ប៉ុន្តែពួកគេបែរជាដាក់ ឯកសារស្ដង់ដារបស់សម្ដេច ទើបសម្ដេចផ្លាស់ប្ដូរឯកសារដែលសម្ដេចចង់បានវិញ មុនពេលថ្លែង។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដ៏អង់អាចរូបនេះ បានផ្ដាំផ្ញើត្រឡប់ទៅក្រុមប្រឆាំងដែលបានលើកឡើងខុសនោះថា សម្ដេចគ្មានការភ័យខ្លាចក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ដែលបានប្រព្រឹត្តទៅកាលពីពេលកន្លងទៅនោះឡើយ។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានចំអកឱ្យពួកប្រឆាំងវិញថា ការដែលពួកខួរក្បាលអន់ទាំងនោះ ចេះតែធ្វើនយោបាយចាញ់សម្ដេចរហូតមកនោះ គឺដោយសារពួកគេវាយតម្លៃមកលើសម្ដេចខុសគ្រប់ពេល ហើយការវាយតម្លៃបង្អាប់បន្ថោកនេះ គឺវាយតម្លៃដើម្បីចាញ់ខ្លួនឯង និងបង្កើនបន្ទុកបន្ថែមទៅលើបទល្មើសរបស់ពួកគេតែប៉ុណ្ណោះ៕