(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជូនចោរឆក់វ័យក្មេង​០២នាក់ និងចោរលួចគាស់ផ្ទះប្រជាពលរដ្ឋ​០២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ជនសង្ស័យទាំង០៤នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ និងខណ្ឌពោធិ៍សែនជ័យ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានក្នុងថ្ងៃតែមួយ។

កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨​ មានករណីឆក់​០១លើក បង្កឡើងដោយជនសង្ស័យ​០២នាក់មាន ឈ្មោះ វឿន សុខា​ អាយុ​១៦ឆ្នាំ និងឈ្មោះ ជឿន រស្មី ហៅម៉ី​ អាយុ​១៦ឆ្នាំ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ០១គ្រឿងម៉ាក Oppo A83 ពណ៍ទឹកមាស ជារបស់ជនរងគ្រោះឈ្មោះ សឿន ចិន្តា ភេទស្រី អាយុ​២៩ឆ្នាំ ដែលកំពុងធ្វើដំណើរ តាមបណ្តោយផ្លូវ១៥១ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ​​ដោយបានដាក់ទូរស័ព្ទរបស់ខ្លួនក្នុងថតម៉ូតូខាងឆ្វេង លុះពេលជិះដល់ចំណុចក្បែរគល់ស្ពាន ឡុង ឈិន ស្រាប់តែមានយុវជន​០២នាក់ ជាជនសង្ស័យ​បានជិះម៉ូតូ​០១គ្រឿងម៉ាក ស្មាសវី ពណ៌ខ្មៅ ស្លាកលេខ​ភ្នំពេញ​1CJ-2273 ជិះតាមទៅក្បែរម៉ូតូជនរងគ្រោះ ហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះ បានសម្រេចតែពេលនោះជនរងគ្រោះ បានស្រែកឆោរឡោ លឺដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌព្រែកព្នៅ ដែលកំពុងល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួន បានប្រដេញស្ទាក់រហូតដល់ចំណុចគល់ស្ពាន ឡុង ឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ​ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង​០២នាក់នេះ តែម្តង។

តាមការសាកសួរ ក្រោមវិធានការជំនាញ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង​០២នាក់ បានសារភាព​ថា ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពិតប្រាកដមែន ក្នុងគោលបំណងស្វែងរកឆក់របស់មានតម្លៃពីអ្នកដំណើរលើដងផ្លូវ លុះពេលជិះដល់ចំណុច ផ្លូវបត់លើផ្លូវបេតុង ឡុង ឈិន ពួកខ្លួនក៏ឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាក Click ដោយមានដាក់ទូរស័ព្ទដៃក្នុងថតម៉ូតូខាងឆ្វេង ភ្លាមនោះពួកខ្លួនបានជិះម៉ូតូទៅក្បែរម៉ូតូរបស់ជនរងគ្រោះ ហើយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះតែម្តង។

រីឯករណីលួចគាស់ផ្ទះប្រជាពលរដ្ឋ​ កើតឡើង​កាលពីវេលាម៉ោង០៣៖០០នាទី ក្នុងថ្ងៃតែមួយដូចករណីឆក់ខាងលើដែរ នៅចំណុចផ្ទះលេខ១៣៥C ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យ០២នាក់មាន ឈ្មោះ យង់ ចិត្រា ​អាយុ​២៩ឆ្នាំ និងឈ្មោះ យឺន រ៉ាដូ​ អាយុ​២៦ឆ្នាំ ដែលបានធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ប្រជាពលរដ្ឋ​ឈ្មោះ ជៃ ពិសិដ្ឋ ភេទប្រុស អាយុ​៤៣ឆ្នាំ មុខរបរជាបុគ្គលិក ធនាគារ​ប្រៃសណីស៍ និងបានលួចយកទ្រព្យសម្បត្តិមួយចំនួនមាន៖ ការបូបតូច០៤​, ប្រាក់ដុល្លា​រ៤១៨ដុល្លារ និងប្រាក់រៀល​៥៦,៤៤០០រៀល​, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​, ប័ណ្ណបើកបរ​០១, កាតATMធនាគារអេស៊ីលីដា​០១។

ក្រោយពេលធ្វើសកម្មភាពលួចរួច ពួកគេទាំង​០២នាក់ បានជិះម៉ូតូ​​០១គ្រឿង ម៉ាក Let ពណ៌សលាយក្រហម ស្លាកលេខ​ភ្នំពេញ​1GR-6750 បម្រុងរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឃើញ បានស្រែកឆោរឡោលឺដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដែលកំពុងល្បាតតាមភូមិសាស្រ្តរបស់ខ្លួនឃើញ បានប្រដេញតាមភ្លាមៗ រហូតដល់ជនសង្ស័យទាំង​០២នាក់នេះ មិនអាចគេចទៅណារួច ក៏ធ្វើការឃាត់ខ្លួនបានតែម្តង។ ចំណែកឯសម្ភារដែលពួកគេលួចបាន ត្រូវសមត្ថកិច្ចអាវុធហត្ថប្រគល់ជូនម្ចាស់ដើមវិញទាំងអស់។

តាមការសាកសួររបស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង​០២នាក់ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យថា នៅថ្ងៃកើតហេតុពួកគេដើររកមើលផ្ទះរបស់ប្រជាពលរដ្ឋ ដែលគ្មានមនុស្សនៅដើម្បីលួចគាស់យកទ្រព្យសម្បត្តិ មានតម្លៃ លុះពេលជិះដល់ចំណុចភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ​ក៏ឃើញផ្ទះរបស់ជនរងគ្រោះខាងលើ ចាក់សោរគ្មានអ្នកនៅ ដោយឃើញឱកាសល្អ ពួកគេទាំង​០២នាក់ បានធ្វើសកម្មភាពលួចឆ្កឹះសោរទ្វារផ្ទះនោះ ហើយបានចូលលួចយកទ្រព្យសម្បត្តិមួយចំនួនដូចការរៀបរាប់ខាងលើ។

ក្រោយពេលធ្វើសកម្មភាពលួចរួច ពួកគេទាំង​០២នាក់ បានជិះម៉ូតូរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះ ឃើញស្រែកឆោរឡោ លឺដល់សមត្ថកិច្ចអាវុធហត្ថបានប្រដេញពួកគេ រហូតដល់មុខព្រលានយន្តហោះពោធិ៍ចិនតុង ផ្លូវសហព័ន្ធរុស្សី ហើយបានឃាត់ពួកគេទាំង ០២នាក់​តែម្តង។ ឈ្មោះ យង់ ចិត្រា បានបញ្ជាក់បន្ថែមថា កន្លងមករូបខ្លួនធ្លាប់ធ្វើសកម្មភាពលួចគាស់ផ្ទះមួយកន្លែង នៅចំណុចភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយធ្លាប់ប្រើប្រាស់គ្រឿងញៀនជាច្រើនលើកផងដែរ៕