(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ សហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលាមួយខេត្តព្រះសីហនុ ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងផែនការមេ សម្រាប់អភិវឌ្ឍឆ្នេរគំរូអូត្រេះ ខេត្តព្រះសីហនុ និងឆ្នេរគំរូប៉ាក់ខ្លង ខេត្តកោះកុង ព្រមទាំងត្រួតពិនិត្យលទ្ធផលនៃការវាយតម្លៃបឋមនៃឆ្នេរខ្សាច់បេក្ខភាព ក្នុងក្របខណ្ឌចលនាប្រឡងប្រណាំងឆ្នេរស្អាត២០១៨។

សិក្ខាសាលានេះ មានការចូលរួមកិត្តិយសពីសំណាក់ លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក អភិបាលខេត្តកោះកុង លោក-លោកស្រីអភិបាលរងខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ក្រុមការងារគ្រប់គ្រងឆ្នេរ ប្រតិបត្តិករទេសចរណ៍ និងអាជីវករសរុបប្រមាណ២៥០នាក់។

សិក្ខាសាលាបានប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កាជាច្រើន ពិសេសមតិយោបល់ និងធាតុចូលសំខាន់ៗសម្រាប់ការរៀបចំផែនការកែលម្អ និងអភិវឌ្ឍឆ្នេរខ្សាច់ជារួម និងឆ្នេរខ្សាច់គំរូដោយឡែក ដើម្បីឆ្ពោះទៅរៀបចំឆ្នេរស្អាតជាក់ស្តែងក្នុងគោលបំណងបង្ហាញជាគំរូដល់ភាគីពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចធ្វើការគ្រប់គ្រងរៀបចំឆ្នេរស្របទៅតាមបទដ្ឋានគតិយុត្តិ និងស្ដង់ដាបច្ចេកទេសដែលបានដាក់ចេញកន្លងមកពិសេសគោលការណ៍ណែនាំស្ដីពីការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ដ។ យ៉ាងណាមិញ ការដាក់ចេញនូវចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្ដស្អាតគឺជាការជំរុញ លើកទឹកចិត្ដដល់រដ្ឋបាលខេត្ដតំបន់ឆ្នេរទាំងបួន ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ភាគីពាក់ព័ន្ធ និងក្រុមការងារគ្រប់គ្រងឆ្នេរ បង្កើនសកម្មភាពគ្រប់គ្រងកែលម្អឆ្នេរខ្សាច់តាមមូលដ្ឋានរៀងៗខ្លួន ប្រកបដោយចីរភាព និងមានប្រសិទ្ធិភាពខ្ពស់ ដោយមានការទទួលខុសត្រូវគ្រប់ជ្រុងជ្រោយ ដើម្បីធានាបានថាឆ្នេរខ្សាច់គឺជាគោលដៅទេសចរណ៍ដ៏មានភាពទាក់ទាញ សម្រាប់គ្រប់ទីផ្សារទេសចរណ៍ទាំងអស់ ទាំងភ្ញៀវទេសចរជាតិនិងអន្ដរជាតិក្នុ្ងងការសម្រាកលំហែកម្សាន្ត។

ជាក់ស្តែង ឆ្លងកាត់ការវាយតម្លៃជុំទី១ ឆ្នេរខ្សាច់បេក្ខភាពខ្លះអាចទទួលបានចំណាត់ថ្នាក់ជាឆ្នេរស្អាតកម្រិតល្អណាស់ មួយចំនួនជាឆ្នេរស្អាតកម្រិតល្អបង្គួរ មួយចំនួនជាឆ្នេរស្អាតកម្រិតមធ្យម និងមានឆ្នេរមួយចំនួនទៀតពុំទាន់ទទួលបានចំណាត់ថ្នាក់ ក៏ប៉ុន្តែឆ្នេរទាំងអស់នោះសុទ្ធតែមានសក្តានុពលក្នុងការរៀបចំឱ្យក្លាយជាឆ្នេរស្អាតកម្រិតល្អនាពេលខាងមុខបានផងដែរ។ លើសពីនោះ អង្គសិក្ខាសាលាបានជំរុញដល់រដ្ឋបាលខេត្ត និងក្រុមការងារទទួលបន្ទុកឆ្នេរនិមួយៗប្រឹងប្រែងគ្រប់គ្រងកែលម្អឆ្នេររបស់ខ្លួនឱ្យបានកាន់តែសកម្មបន្ថែមទៀត សម្រាប់ការចុះវាយតម្លៃនៅជុំទី២ នាដំណាច់ខែតុលា និងខែវិច្ឆិកាខាងមុខនេះ។

លោក Bruno Bodard ក្នុងនាមក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក បានសម្តែងនូវការកោទសរសើរខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរបានល្អ ពិសេសជំរុញការអភិវឌ្ឍយ៉ាងលឿន និងទាក់ទាញយ៉ាងច្រើនទាំងអ្នកវិនិយោគ និងភ្ញៀវទេសចរ។ លោក Bruno ក៏បានផ្តល់អនុសាសន៏ល្អៗជាច្រើនដើម្បីជាចក្ខុវិស័យក្នុងការរៀបចំកែលម្អឆ្នេរស្របតាមស្តង់ដារអន្តរជាតិ និងក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅតាមតំបន់ឆ្នេរ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៧កន្លង ទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៦លាននាក់កើនឡើង ១១.៨% ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះតំបន់ឆ្នេរសមុទ្រកម្ពុជាសម្រេចបានកំណើនទេសចរណ៍ ១៥% ដោយទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន ៧៤ ម៉ឺននាក់។ ដោយឡែកក្នុងរយៈពេល៧ខែដើម ឆ្នាំ២០១៨នេះ តំបន់ឆ្នេរទទួលបានភ្ញៀវទេសចរ អន្តរជាតិ ប្រមាណ ៥៩ ម៉ឺននាក់ កើនឡើង ៣៤.៥%។ តាមការព្យាករណ៍ ឆ្នាំ២០២០ តំបន់ឆ្នេរសមុទ្រកម្ពុជា អាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ១លាននាក់៕