(ភ្នំពេញ)៖ តំណាងអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជាលោកស្រី Pauline Tamesis បានចេញមកសុំទោសរាជរដ្ឋាភិបាលកម្ពុជា តាម​រយៈសន្ទស្សន៍​សកល​​ពី​ភាពក្រីក្រ​ពហុសមាស​ភាគ​ Multidimensional Poverty Index (MPI) ដែល​ចេញ​ផ្សាយ​ដោយ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP) ​និង Oxford Poverty and Human Development Initiative (OPHI) ​កាលពី​ថ្ងៃ​​ទី​ ២០ ខែ​កញ្ញា​ ឆ្នាំ២០១៨។

តាមរបាយការណ៍របស់ MPI ដែលត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ ចុះផ្សាយកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា៣៥ភាគរយ ​ត្រូវ​បាន​រកឃើញ​ថា ​កំពុង​រស់នៅ​ក្នុង​ភាពក្រីក្រ​ដែល​ភាគច្រើន​រស់នៅ​តាម​ទីជនបទ​។

ថ្លែងនៅចំពោះមុខ លោកទេសរដ្ឋមន្ត្រី ឆាយ​ ថន រដ្ឋមន្ត្រីក្រសួងផែនការ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ លោកស្រី Pauline Tamesis បានសម្តែងការសុំអភ័យទោស ពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះការផ្សាយទិន្និន័យមិនពិតនេះ។ លោកស្រីថា របាយការណ៍ MPI ដែលទើបត្រូវបានផ្សព្វផ្សាយដោយកាសែតភ្នំពេញប៉ុស្តិ៍ទៀតសោត ក៏មិនមែនជាការស្រាវជ្រាវរបស់ UNDP នោះដែរ តែជាការស្រាវជ្រាវរបស់ស្ថាប័នឯករាជ្យមួយ ដែលមានទំនាក់ទំនងជាមួយនឹង UNDP ។

លោកស្រី Pauline Tamesis បានបញ្ជាក់យ៉ាងដូច្នេះថា «MPI មិនមែនជាការស្រាវជ្រាវរបស់ UNDP តែជាស្ថាប័នឯករាជ្យ ដែលមានទំនាក់ទំនងនឹង UNDP។​ ការស្រាវជ្រាវនេះ ក៏គ្មានការប្រជុំធ្វើសិក្ខាសាលាដែរ»

លោកស្រីបន្តថា «ការផ្សព្វផ្សាយរបស់ UNDP (ដែលខុសនេះ) ខ្ញុំសុំសម្តែងការសុំអភ័យទោស។ ជាក់ស្តែង ក្រសួងផែនការនិង UNDP បានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគណនាភាពភាពក្រីក្រផងដែរ»

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ឆាយ​ ថន បានថ្លែងអំណរគុណដល់លោកស្រីតំណាង UN ប្រចាំកម្ពុជា ដែលមកសម្តែងការសុំទោស។ លោកទេសរដ្ឋមន្ត្រីបានបន្តថា UNDP និងក្រសួងផែនការ តែងតែដើរជាមួយគ្នាធ្វើការ ហើយជាលទ្ធផលដែលផ្សាយជាសាកល ក៏តែងតែត្រូវបានឯកភាពពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោកទេសរដ្ឋមន្ត្រីបានថ្លែងបន្តថា តួលេខដែលកាសែតភ្នំពេញប៉ុស្តិ៍ផ្សាយនោះ ជារឿងមួយខុសឆ្គងណាស់ ដែលផ្ទុយនឹងទិន្និន័យរបស់រាជរដ្ឋាភិបាលផ្សាយកន្លងមក។ លោកថា តួលេខ៣៥ភាគរយ និងតួលេខ១៣,៥ភាគរយ ខុសគ្នាឆ្ងាយនេះដែលទិន្និន័យនេះធ្វើឲ្យមានបញ្ហា។

លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «បញ្ហានេះខ្ញុំសូមសំណូមពរឲ្យ UNDP កែតម្រូវយ៉ាងម៉េច ដើម្បីធ្វើយ៉ាងណាឲ្យតួលេខមួយជាតួលេខផ្លូវការ ​(១៣,៥%) ហើយតួលេខរបស់រាជរដ្ឋាភិបាល តែងតែឯកភាពជាមួយដៃគូយ៉ាងច្រើន...។ ពីព្រោះយើងឈរលើតួលេខនេះ ហើយរាជរដ្ឋាភិបាល តែងតែយកតួលេខនេះទៅប្រើប្រាស់ មានការដាក់ផែនការផ្សេងៗ»

លោកបន្តថា «យើងត្រូវតែយកតួលេខនេះ (១៣,៥%) ទៅផ្សាយឡើងវិញ កុំឲ្យសាធារណមតិវាយតម្លៃរាជរដ្ឋាភិបាលថា ធ្វើរឿងខុស។ ការផ្សាយរបស់ភ្នំពេញប៉ុស្តិ៍មិនត្រូវទេ... ខ្ញុំថាយើងបានឯកភាពគ្នា ១៣,៥% កន្លងមក»

ទន្ទឹមនឹងសម្តែងការសុំអភ័យទោស លោកស្រី Pauline Tamesis បានសុំអនុសាសន៍ពីលោកទេសរដ្ឋមន្ត្រី ឆាយ ថន ដើម្បីកែប្រែកំហុសឆ្គងមួយនេះ។ លោកស្រីថា អត្រាទិន្និន័យ ១៣,៥% ក៏ត្រូវបាន UNDP តែងតែប្រើប្រាស់ផងដែរ ហើយលោកស្រី នឹងរកវិធីសាស្ត្រ ដើម្បីបកស្រាយបញ្ហានេះ ជាសាធារណៈឡើងវិញ។

ឆ្លើយតបនឹងសំណូមពរនេះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ចំនួន២ ដល់លោកស្រីតំណាង UN ប្រចាំកម្ពុជា រួមមាន៖ ត្រូវគាំទ្រតួលេខ ដែលដៃគូធ្លាប់ប្រើកន្លងមក ហើយការធ្វើ MPI ដើម្បីផ្សព្វផ្សាយទិន្និន័យអ្វីមួយពីកម្ពុជា ត្រូវពិភាក្សាជាមួយក្រសួងផែនការ ជាមុនសិនផងដែរ៕