(ភ្នំពេញ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ និងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌផងនោះ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែ អន្តរជាតិភ្នំពេញ បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារតាមផ្ទះ ម៉ាត ផ្សារច្បារអំពៅ ផ្សារបន្លែច្បារអំពៅ ផ្សារព្រែកឯង និងផ្សារព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ។

លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានបញ្ជាក់ថា «មន្រ្តីយើងបានចុះពិនិត្យទំនិញនៅផ្សារចំនួន៥ គឺព្រែកឯង, ព្រែកប្រា, ចំពុះក្អែក, ផ្សារបន្លែច្បារអំពៅ, ផ្សារធំច្បារអំពៅ ដោយធ្វើតេស្តលើផលិតផលចំនួន៣១គំរូ និងតូបលក់ទំនិញ-Mart ចំនួន១២កន្លែង។ ជាលទ្ធផល រកឃើញនំស្លឹកស្រស់២គីឡូ នៅផ្សារព្រែកឯង និងនំម្សៅជ្រេ២គីឡូ នៅផ្សារបន្លែច្បាអំពៅ»។

លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ដើម្បីចូលរួមកិច្ចការពារសុខុមាភាពប្រជាពលរដ្ឋ ក្នុងការជួយទប់ស្កាត់ការក្លែងបន្លំ និងទុច្ចរិតភាពរបស់អ្នកលក់ដូរ ដែលអាជីវករតែងតែបន្លំ អីចឹងមន្រ្តីជំនាញកាំកុងត្រូល ដែលចុះពិនិត្យឆែកនេះក៏ដូចជាការដាស់តឿន និងជំរុញឲ្យមានការកែប្រែ។

លោកបានបន្តថា ឥឡូវនេះ មន្រ្តីជំនាញកាំកុងត្រូល បានដាក់ប្រចាំការនៅទីផ្សារជារៀងរាល់ថ្ងៃ ដើម្បីផ្តល់ជូនសេវាត្រួត ពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ និងបង្ក្រាបការក្លែងបន្លំ។
នៅក្នុងការអង្កេតទំនិញនៅលើទីផ្សារខាងលើ មន្រ្តីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានផ្តោតទៅលើផលិតផលវេចខ្ចប់ ដូចជា ស្លាដក់ ដែលរដូវភ្ជុំបិណ្ឌ ក្រែងមានអាជីវករខ្លះ មានគំនិតខិលខូច ដាក់ របស់របរហួសកាលបរិច្ឆេទចូល និងគ្រឿងភេស្ជជៈ ដែលបាន និងកំពុងដាក់តាំងលក់។

ក្រុមការងារក៏បានធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួនរួមមាន៖ បង្គារ មឹក គុយទាវ សណ្តែកបណ្តុះ សរសៃមីលឿង នំបញ្ចុក ស្ពៃជ្រក់ ជ្រក់ត្រសក់ ជ្រក់ត្រពាំង គូគ្រីវ ម្រះ ស្លឹកគូឆាយ ខ្ញីហាន់រួច គល់ស្លឹកហាន់រួច ជាដើម តែលទ្ធផលនៃការធ្វើតេស្តបឋម គឺទទួលបានលទ្ធផលល្អ។

គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែង តែចុះពិនិត្យទំនិញផ្សេងៗ រកសារធាតគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕