(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាចេញ ស.ជ.ណ សម្រេចបញ្ឈប់ការសិក្សាស្រាវជ្រាវបង្កើតខេត្តថ្មី ដែលគ្រោងបំបែកចេញពីខេត្តកណ្តាល និងខេត្តមណ្ឌលគិរី-រតនគិរី។

ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងភ្លាមៗបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឲ្យលុបចោលការសិក្សានេះ នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា។

នៅក្នុង ស.ជ.ណ របស់រាជរដ្ឋាភិបាលផ្ញើជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជាក់យ៉ាងដូច្នេះ «ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជ្រាប ចំពោះករណីស្នើសុំបង្កើតថ្មីចំនួន២ ចេញពីខេត្តកណ្តាល ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី រាជរដ្ឋាភិបាលសម្រេចបញ្ឈប់ការសិក្សាស្រាវជ្រាវចាប់ពីពេលនេះតទៅ»។

បើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ការសម្រេចលុបនេះ ដោយសារតែមានដំណើរការនៃការសិក្សាត្រូវបានទម្លាយឯកសារយ៉ាងព្រោងព្រាតផ្ទុយពីការសិក្សាបង្កើតខេត្តត្បូងឃ្មុំ។ មួយវិញទៀតគ្រាដែលខេត្តមិនទាន់ទាំងសម្រេចបង្កើត ឬយ៉ាងណាផងនោះ បែរជាមានអ្នករត់ការយកតំណែងគ្រប់គ្រងក្នុងខេត្តទាំងនេះ៕