(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នឹងបង្កើតស្តង់ដារង្វាន់អ្នកជំនាញទេសចរណ៍គំរូ ក្នុងឧស្សាហកម្មទេសចរណ៍ ដើម្បីជំរុញលើកទឹកចិត្តដល់មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ មានការ​គិតគូរលើការបណ្តុះបណ្តាល​ ពង្រឹង​​សមត្ថភាពបុគ្គលិករបស់ខ្លួន និងលើកទឹកចិត្តដល់អ្នកបម្រើការងារក្នុងវិស័យ​ទេសចរណ៍​ ឱ្យខិតខំអភិវឌ្ឍ​សមត្ថ​ភាព​​របស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ ព្រមទាំងជំរុញឱ្យមានការទទួលស្គាល់ និងជឿ​ទុក​ចិត្ត​​​លើ​គុណភាពសេវាកម្មពីភ្ញៀវទេសចរផងដែរ​។

ដើម្បីទទួលបានមតិយោបល់គ្រប់ជ្រុងជ្រោយពីភាគីពាក់ព័ន្ធ មុននឹងបង្កើតស្តង់ដារង្វាន់អ្នកជំនាញទេសចរណ៍គំរូ ក្នុងឧស្សាហកម្មទេសចរណ៍ខាងលើ និងដោយទទួលបានការអនុញ្ញាតពីលោករដ្ឋមន្ត្រី ថោង ខុន ផងនោះ ទើបនាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងស្តង់​ដារង្វាន់​អ្នក​ជំនាញទេសចរណ៍គំរូ ក្នុងឧស្សាហកម្មទេសចរណ៍ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមអធិបតីភាពលោក លីវ​ វណ្ណហេង អគ្គនាយករងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ក្នុងនាមតំណាងលោក​ ណេប សាមុត អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ ក្នុងនោះក៏មាន​ការ​ចូល​រួម​ពី​សំណាក់សាស្រ្តា​ចារ្យ លោកគ្រូ អ្នកគ្រូ អ្នកជំនាញទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ តំណាងសមាគមក្នុងវិស័យទេសចរណ៍ និស្សិត ព្រមទាំងមន្ទីរទេសចរណ៍ និងភាគីពាក់ព័ន្ធ សរុបប្រមាណ១២០នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលគំនិត និង​ធាតុផ្សំល្អៗ​ពី​គ្រប់​ភាគីពាក់ព័ន្ធ សម្រាប់​ដាក់បញ្ចូលទៅក្នុងស្តង់ដារង្វាន់​អ្នកជំនាញទេសចរណ៍គំរូ​ ក្នុងឧស្សាហកម្ម​ទេសចរណ៍ ឱ្យ​មាន​ភាពគ្រប់ជ្រុងជ្រោយ និង​អាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ និងអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់​ធ្វើការ​វាយ​តម្លៃ​អ្នកជំនាញទេសចរណ៍ ដែល​បម្រើការងារក្នុងឧស្សាហកម្មទេសចរណ៍ទាំងអស់​ ​នៅក្នុងយុទ្ធនាការប្រឡងប្រណាំង​អ្នក​ជំនាញ​ទេសចរណ៍​គំរូ​ នាពេលខាងមុខ​នេះ ជាពិសេសចូលរួមធ្វើឱ្យសម្រេចបាននូវ​ការអភិវឌ្ឍសមត្ថភាព​អ្នក​ជំនាញ​ទេសចរណ៍​កម្ពុជា ក្លាយជាអ្នកជំនាញ​ទេស​ចរណ៍​គំរូ ដែលជាបុគ្គលដែលសមត្ថភាព ចំណេះដឹង ជំនាញ អាកប្បកិរិយា និង​បុគ្គលិក​លក្ខណ:ល្អនៅក្នុង​ការផ្តល់​សេវាកម្ម​ល្អ​ដល់ភ្ញៀវ និងទទួលបានភាពស្រលាញ់ពេញចិត្តពីភ្ញៀវ និងសហការីនៅនឹង​កន្លែង​ការងារ ដែលតាមរយៈភាពជំនាញ និងភាពគំរូ​នេះ វានឹងចូលរួមលើកទឹកចិត្ត និងជំរុញដល់ការអភិវឌ្ឍ​សមត្ថ​ភាព​ជំនាញរបស់អ្នកជំនាញទេសចរណ៍ និងគុណភាពសេវាកម្ម​ទេសចរណ៍ដែលចូលរួមគាំ​ទ្រ​ដល់ ​​«ចលនា​ប្រឡង​ប្រណាំ​ងទីក្រុង​ស្អាត ​​រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និង​យុទ្ធនាការ​ឃោសនា​ផ្សព្វផ្សាយទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណា​ចក្រ​អច្ឆរិយៈ និងផ្តល់នូវភាពកក់ក្តៅ»។

ឡាបិល ស្តីពីរង្វាន់អ្នកជំនាញទេសចរណ៍គំរូ ក្នុងឧស្សាហកម្មទេសចរណ៍​ គឺជាគំនិតផ្តួចផ្តើម​ថ្មីមួយ​សម្រាប់​កម្ពុជា ក្នុងការជំរុញលើកទឹកចិត្តដល់មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ មានការ​គិតគូរលើការបណ្តុះបណ្តាល​ ពង្រឹង​​សមត្ថភាពបុគ្គលិករបស់ខ្លួន និងលើកទឹកចិត្តដល់អ្នកបម្រើការងារក្នុងវិស័យ​ទេសចរណ៍ ឱ្យ​ខិតខំអភិវឌ្ឍ​សមត្ថ​ភាព​​របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ ព្រមទាំងជំរុញឱ្យមានការទទួលស្គាល់ និងជឿ​ទុក​ចិត្ត​​​លើ​គុណភាពសេវាកម្មពីភ្ញៀវទេសចរផងដែរ​។

គួរកត់សម្គាល់ថា រយៈពេល៧ខែដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណ ៣.៥​លាន​នាក់ កើនឡើង ១១.១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧។ តាមការព្យាករណ៍នៅឆ្នាំ ​​​​២០២០ កម្ពុជា​នឹង​អាច​ទទួល​​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​​​ប្រមាណ ៧លាន​នាក់​ ជាមួយ​នឹង​ចំណូល​សរុប​ប្រមាណ ៥ពាន់​លាន​ដុល្លារ និង​​បង្កើត​ការងារ​​ដោយ​ផ្ទាល់​ប្រមាណជិត ១លាននាក់ នៅឆ្នាំ២០២៥ និងប្រមាណ ១៥លាននាក់​ នៅ​ឆ្នាំ​២០៣០ ជាមួយ​​ចំណូល​​​សរុប​ប្រមាណ​ ១០ពាន់​​លានដុល្លារអាមេរិក បង្កើតឱកាសការងារ​ដោយ​ផ្ទាល់​​ប្រមាណ ២លាននាក់​៕