(ភ្នំពេញ)៖ កីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games ឆ្នាំ២០១៨ ទើបបានទទួលមេដាយប្រាក់១ គ្រឿងជូនកម្ពុជា នៅក្នុងការប្រកួតកីឡាម៉ូតូទឹក ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៨ នៅសហរដ្ឋអាមេរិក នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨។

កីឡាករ អ៊ូមើត បានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី០៥ ខែតុលានេះថា មេដាយប្រាក់ដែលខ្លួនដណ្ដើមបានពេលនេះ គឺលើវិញ្ញាសា Ski Modified ដូចការដែលគាត់លេងនៅ Asian Games ដែរ ដោយមានកីឡាករមកពី៦៣ប្រទេសលើពិភពលោកចូលរួម។ ប៉ុន្ដែរូបគេ បានសម្ដែងការសោកស្ដាយជាខ្លាំង ដែលមិនអាចដណ្ដើមបានមេដាយមាស ជូនប្រទេសជាតិកម្ពុជា ស្របពេលកន្លងមករូបគេ ធ្លាប់ចូលរួមចំនួន៣លើក ក្នុងនាមតំណាងប្រទេសថៃ រូបគេដណ្ដើមបានមេដាយមាស៣ជំនាន់ជាប់គ្នា ក្នុងព្រឹត្តិការណ៍នេះ។

កីឡាករជួយឲ្យកម្ពុជា បង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រ ៦៤ឆ្នាំក្នុងព្រឹត្តិការណ៍ Asian Games បានបញ្ជាក់ពីមូលហេតុ មិនទទួលបានមេដាយមាស ដោយធ្លាក់ទៅកណ្ដាប់ដៃរបស់កីឡាករម្ចាស់ផ្ទះអាមេរិកថា ទម្រាំដណ្ដើមបានមេដាយប្រាក់លើកនេះ ខ្លួនបានខំប្រឹងខ្លាំងណាស់ ព្រោះកម្លាំងម៉ូតូទឹករបស់ខ្លួន មានកម្លាំងខ្សោយជាកម្លាំងម៉ូតូរបស់កីឡាករម្ចាស់ផ្ទះអាមេរិក ដែលធ្វើការកែម៉ាស៊ីន និងប្រើឧបករណ៍ពិសេស ធ្វើឲ្យម៉ូតូរបស់គេមានល្បឿនលឿនទ្វេដង។

យ៉ាងណាមិញ អ៊ូមើត នៅមិនទាន់បញ្ចប់បេសកកម្ម សម្រាប់ចូលរួមក្នុងនាមកីឡាករជម្រើសជាតិកម្ពុជា លើកដំបូងនេះទេ ដោយគាត់សល់២វិញ្ញាសាទៀត ត្រូវធ្វើការប្រកួតបន្ដ គឺវិញ្ញាសា M Pro Ski Stock និង Exspert Limited ហើយកីឡាករមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំនេះ ក៏បានប្ដេជ្ញាចិត្តនឹងខិតខំប្រឹងប្រែងធ្វើឲ្យបានល្អ ដើម្បីស្វែងរកមេដាយមាសជូនជាតិ នៅក្នុងការប្រកួតកីឡាម៉ូតូទឹកជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៨ ដែលសហរដ្ឋអាមេរិក ធ្វើជាម្ចាស់ផ្ទះនេះផងដែរ ៕