(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំ គ.ស.ហ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិភាក្សាលើរបៀបវារៈសំខាន់ៗដូចជា៖

១៖ ពិនិត្យរៀបចំគោលនយោបាយទឹកចិត្ត ឱ្យមានការកែច្នៃសំណល់រឹង និងគម្រោងទុកដាក់សំរាម, និងការស្នើសុំការគាំទ្រផ្នែកបច្ចេកទេស និងឥណទានខ្នាតតូចដល់សហគមន៍មូលដ្ឋានដើម្បីឲ្យស្រប់ទៅ៖

* ស្របនឹងកំណើនប្រជាជន និងការកើនឡើងនៃសេចក្តីត្រូវការ របស់ប្រជាជនប្រចាំថ្ងៃ, កាកសំណល់រឹង និងសំរាម កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅឆ្នាំ២០១៧, តាមការប៉ាន់ប្រមាណនៅទូទាំងប្រទេសកម្ពុជា បរិមាណសំរាម សំណល់រឹងនៅទីប្រជុំជន បានបង្កើតឡើងប្រមាណ៣.៦៥ លានតោនក្នុង១ឆ្នាំ ឬប្រមាណជាង១ម៉ឺនតោនក្នុង១ថ្ងៃ ដែលក្នុងនោះនៅភ្នំពេញមាន៣ពាន់តោនក្នុង១ថ្ងៃ។

* ទន្ទឹមនឹងការប្រមូល, ការកែច្នៃ, និងការទុកដាក់សំរាមនៅមានកម្រិតព្រមទាំង កង្វះទីលានចាក់សំរាមនៅតំបន់ប្រជុំជននានា ពិសេសស្មារតីចូលរួមពី គ្រប់តួអង្គពាក់ព័ន្ធនៅមានកម្រិត, ការគ្រប់ គ្រងសំរាម និងកាកសំណល់រឹងនៅតាមទីប្រជុំជន មិនទាន់បានឆ្លើយតបទាំងស្រុង ទៅនឹងស្ថានភាពជាក់ស្តែង។

នៅក្នុងអង្គប្រជុំយល់ឃើញថា ការកែច្នៃ និងការគ្រប់គ្រងសំរាម, សំណល់រឹង គឺត្រូវការយន្តការដោះស្រាយជា កញ្ចប់ ដែលមានគ្រប់ជ្រុងជ្រោយ ដោយគិតអំពីគោលការណ៍ធំៗរួមមាន៖ ការទុកដាក់សំរាម, ការប្រមូល និង ការកែច្នៃសំរាម, ដែលប្រការនេះទាមទារ ចាំបាច់នូវក្របខ័ណ្ឌច្បាប់, លិខិតបទដ្ឋានគតិយុត្ត, ក្របខ័ណ្ឌគោលនយោបាយ, វិធានការ និងផែនការសកម្មភាព។

អង្គប្រជុំស្នើឱ្យក្រសួងបរិស្ថានមានការសហការពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិនិត្យឡើងវិញអំពីក្របខ័ណ្ឌគោលនយោបាយ, ក្របខ័ណ្ឌច្បាប់ និងឯកសារពាក់ព័ន្ធដែលមានជាធរមានរៀបចំកញ្ចប់វិធានការ និងផែនការសកម្មភាពជាក់ស្តែងសម្រាប់អនុវត្ត ដើម្បីដាក់ជូនកិច្ចប្រជុំ គ.ស.ហ ពិនិត្យ និងពិភាក្សាម្តងទៀត នៅត្រីមាសទី១ ឆ្នាំ២០១៩។

ពោះសំណើគាំទ្រផ្នែកបច្ចេកទេស និងឥណទានខ្នាតតូចដល់សហគមន៍មូលដ្ឋាន ដើម្បីពង្រឹងប្រសិទ្ធភាព ការការពារ និងអភិរក្សធនធានធម្មជាតិ និងកាត់បន្ថយ ឬឈានទៅបញ្ឈប់ការពឹងអាស្រ័យ លើធនធានធម្មជាតិសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ, អង្គប្រជុំបានពិភាក្សាអំពី យន្តការដោះស្រាយដែលមានលក្ខណៈប្រមូលផ្តុំ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រង ធ្វើយ៉ាងណាឱ្យប្រជាជនរស់នៅក្បែរតំបន់ ការពារធម្មជាតិមានការងារធ្វើ ទទួលបានប្រាក់ចំណូលប្រចាំថ្ងៃ តាមរយៈសកម្មភាពទេសចរណ៍ជាដើម ព្រមទាំងមានលទ្ធភាពចូលរួមការពារ សម្បត្តិធម្មជាតិនៅតាមមូលដ្ឋានរបស់ខ្លួនផ្ទាល់។

ជាមួយគ្នានោះចំណូលបានពីសហគមន៍នីមួយៗតាមខេត្តក្រុង ស្រុកខណ្ឌ អាចយកទៅអភិវឌ្ឍមូលដ្ឋានទីនោះផ្ទាល់ ។

២៖ ការជំរុញការអនុវត្តវិធានការសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានដាក់ចេញនៅក្នុង យុទ្ធសាស្រ្តចតុកោណដំណាក់កាល៤។

៣៖ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើរតួនាទីសំខាន់ក្នុងការតាមដានត្រួតពិនិត្យ និងវាយតម្លៃការ អនុវត្តវិធានការសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានដាក់ចេញក្នុង «យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤» នាពេលថ្មីៗនេះ។

ក្នុងន័យនេះកិច្ចប្រជុំ បានសម្រេចឱ្យមានក្រុមការងារ រៀបចំដោយមានការចូលរួម ផ្ដល់ធាតុចូលផ្ទាល់ពីក្រសួង-ស្ថាប័នអនុវត្ត, ដាក់ចេញសូចនាការគន្លឹះៗវាស់វែងសមិទ្ធផល ដែលមានកំណត់ពេលវេលាអនុវត្តន៍ជាក់លាក់ ដើម្បីដាក់ចេញនូវវិធានការ ដោះស្រាយបញ្ហាប្រឈមនានា តាមរយៈកិច្ចប្រជុំត្រួតពិនិត្យសមិទ្ធិផលទៀងទាត់ជារៀងរាល់ឆ្នាំ និងពាក់កណ្តាលអាណត្តិ ។

៣៖ ពិភាក្សាលើសេចក្តីព្រាងក្របខ័ណ្ឌ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០៖

* អង្គប្រជុំបានបន្តពិនិត្យ និងពិភាក្សាឡើងវិញនូវឯកសារក្របខ័ណ្ឌអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ ដែលធ្លាប់បានដាក់ឆ្លងកិច្ចប្រជុំ គ.ស.ហ ម្តងរួចហើយកាលពីពេលកន្លងទៅ។

ជារួមអង្គប្រជុំបានវាយតម្លៃខ្ពស់ពីសារៈសំខាន់ និងផ្តល់ធាតុចូលបន្ថែមធ្វើឱ្យសេចក្តីព្រាងនេះ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយផ្សារភ្ជាប់ នឹងសូចនាករដែលមានលក្ខណៈអាចវាស់វែងបាន និងខ្លឹមសារមានសង្គតិភាព ជាមួយឯកសារពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងទៅ និងស្នើសុំដាក់សេចក្តីព្រាងនេះជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាពេលខាងមុខ៕