(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃព្រហស្បតិ៍​ ១០រោច ខែភទ្របទ​ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី០៤​ ​ខែតុលា​ ឆ្នាំ​២០១៨​ ទើបចុះហត្ថលេខាលើកិច្ចសហប្រតិបតិ្តការ ជាមួយអង្គការដោះមីនជប៉ុន (JMAS) លើការផ្តល់ជំនួយ៤២ម៉ឺនដុល្លារអាមេរិក។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ប្រាប់ Fresh News ថា «ជំនួយជាថវិកាប្រមាណ៤២ម៉ឺនដុល្លារអាមេរិកនេះ សំរាប់បោសសំអាតចំការមីនជាអាទិភាពខ្ពស់ៗជាង៣០០​ហិចតា​ ស្ថិតនៅស្រុកម៉ាឡៃ​ និងស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ។ ថវិកានេះឧបត្ថម្ភគាំទ្រដោយរដ្ឋាភិបាលជប៉ុន»។

អគ្គនាយករូបនេះ បានបញ្ជាក់ទៀតថា គំរោងនេះក៏មានគាំទ្រអ្នករងគ្រោះដោយសារមីន​ តាមរយៈការអភិវឌ្ឍន៍ក្នុងមូលដ្ឋានកុំនៃ តំបន់បោសសំអាតមីនរួចផងដែរ។ គំរោងនេះមានរយៈពេល១២ខែ​ (ចាប់ពីថ្ងៃទី០៨​ ខែតុលា​ ឆ្នាំ២០១៨​ ដល់​ថ្ងៃទី០៨​ ខែតុលា​ ឆ្នាំ២០១៩)។

សូមជម្រាបថា នៅឆ្នាំ២០១៨នេះ ស៊ីម៉ាក់បានដាក់ចេញផែនការបោសសំអាតផ្ទៃដីចំការមីន ឲ្យបាន១២០គីឡូម៉ែត្រការ៉េ ត្រូវការជំនួយប្រមាណ១៨លានដុល្លារអាមេរិក៕