(ភ្នំពេញ)៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងដើម្បីធានានូវសុខុមាលភាព​ការពារផល​ប្រយោជន៍​ជូនប្រជាពលរដ្ឋ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨​នេះ សាខាកាំកុងត្រូលតំបន់​សេដ្ឋកិច្ចពិសេសភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងត្រួតពិនិត្យទៅលើម្ហូប អាហារ វេចខ្ចប់ស្រាប់ ព្រមទាំងគ្រឿងឧបភោគ បរិភោគប្រចាំថ្ងៃចំនួន​២១គំរូ​។

មន្រ្តីសាខាកាំកុងត្រូល​តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានឲ្យដឹងថា ផលិតផលទាំង២១គំរូ រួមមាន៖ សណ្តែកបណ្តុះ, ត្រីប្រាសំយ៉ុង, សាច់ក្រក, ប្រហិតសាច់គោ, ប្រហិតត្រី, សរសៃ, មីលឿង, នំបញ្ចុក, ឈាមជ្រូក, ខ្ញីហាន់រួច, ដើមចេកហាន់ត្រាំទឹក, ត្រយ៉ូងចេកហាន់ត្រាំទឹក, ស្លឹកគ្រៃហាន់រួច, ស្ករត្នោត, ប្រហុក, ត្រីប្រម៉ា, ត្រូវបានយកមកពិនិត្យវិភាគបឋម ដើម្បីស្វែង​រកសារធាតុគីមីហាមឃាត់។

មន្រ្តីជំនាញកាំកុងត្រូល​បានបន្តថា ជាលទ្ធផលផលិតផល​ដែលបានពិនិត្យទាំង​២១គំរូនេះ មានអនុលោមភាព សុវត្ថិភាពទាំងអស់ ហើយចំពោះការពិនិត្យមើលទំនិញ​វេចខ្ចប់ស្រាប់ ក៏ពុំត្រូវបានរកឃើញមានទំនិញខូចគុណភាព ហួសកាលបរិច្ឆទកំណត់​ប្រើប្រាស់ដែរ។

ក្នុងពេលចុះពិនិត្យគុណភាពទំនិញនោះ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏បានអប់រំ​ណែនាំ និងផ្សព្វផ្សាយតាមរយៈ​ការចែកជូននូវផ្ទាំងរូបភាព Poster ដល់អាជីវករ និងអតិថិជនជាអ្នកប្រើប្រាស់ផងដែរ។

មន្រ្តីកាំកុងត្រូល ក៏បានធ្វើការណែនាំ​ដល់អាជីវករលក់ដូរទាំងអស់ អំពីអនាម័យ និង​របៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវស្របទៅតាមយថាប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់តេរីផ្សេងៗផងដែរ និងបានសំណូមពរ​ដល់អាជីវករនៅក្នុងផ្សារ និងតាមផ្ទះ​ឲ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទ​នៃទំនិញ និងហាមដាក់​តាំងលក់ទំនិញ​ដែលហួសកាលបរិច្ឆេទប្រើប្រាស់៕