(បន្ទាយមានជ័យ)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ បានឲ្យដឹងនាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះថា មន្រ្តីជំនាញកាំកុងត្រូល និងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បន្តពង្រឹងការត្រួតពិនិត្យសុវត្ថិភាពផលិតផលម្ហូបអាហារ នៅរដូវបុណ្យភ្ជុំបិណ្ឌនេះ ដោយបានធ្វើតេស្តបឋមរកឃើញសារធាតុគីមីបូរ៉ាក់ នៅក្នុងបង្អែមបាញ់ឌុក និងបង្អែមលូត ប្រមាណ២គីឡូក្រាម នៅចំណុចផ្សារត្រី ក្រុងប៉ោយប៉ែត។

លោកប្រធានបានបន្តថា បង្អែមមានផ្ទុកសារធាតុគីមីខាងលើនេះ រងការបង្រ្កាបដកហូត ពីមន្រ្តីជំនាញដែលបន្តស្រាវជ្រាវ ដើម្បីបង្រ្កាបទីតាំងផលិតបង្អែមមានផ្ទុកសារធាតុគីមី ដែលត្រូវបានច្បាប់ហាមឃាត់មិនអនុញ្ញាត ឲ្យប្រើប្រាស់នៅក្នុងម្ហូបអាហារនោះឡើយ។ គីមីបូរ៉ាក់សម្រាប់ផ្សំឲ្យស្វិត និងបង្កប៉ះពាល់សុខភាព និងអាចឈានដល់ធ្ងន់ធ្ងរកើតជំងឺមហារីក និងធ្វើតាមប្រមាញ់ចាប់ជនផលិតបង្អែមខាងលើនេះ ឲ្យខាត់តែបាននាខាងមុខដ៏ខ្លី។

បើការអះអាងពីមន្ត្រីជំនាញកាំកុងត្រូវបានបញ្ជាក់ថា បូរ៉ាក់ជាសារធាតុគីមីពុលម្យ៉ាងមានលក្ខណៈជាក្រាម មានក្លិនប្រហាត និងរសជាតិភ្លាវ មិនអាចកត់សម្គាល់អ្វីឲ្យបានច្បាស់ ពីលក្ខណៈរូបរបស់វាបានឡើយ។ សារធាតុបូរ៉ាក់នៅលើទីផ្សារត្រូវ បានគេនិយមហៅថាទឹកអន្សា គេយកទឹកអន្សា ឬសារធាតុបូរ៉ាក់មកប្រើប្រាស់ សម្រាប់ផ្សារលោហៈធាតុផ្សេងៗ ដូចជាមាស ប្រាក់ជាដើម។ បច្ចុប្បន្ននេះ ដោយសារតែការចង់បានប្រាក់ចំណេញហួសហេតុ អ្នកផលិតមួយចំនួន បានយកសារធាតុបូរ៉ាក់ ឬទឹកអន្សាមកដាក់ក្នុងចំណីអាហារ ដើម្បីរក្សាសម្រស់ឲ្យនៅស្រស់ ស្វិត និងទុកបានរយៈពេលយូរជាងធម្មតា ដើម្បីទាក់ទាញអតិថិជនរបស់ពួកគេ។

មន្ត្រីជំនាញកាំកុងបានបញ្ជាក់ថា ចំណីអាហារដែលផ្ទុកសារធាតុបូរ៉ាក់ តាមការពិសោធន៍ និងការសង្កេតរយៈពេលកន្លងមក ឃើញថា មានចំណីអាហារជាច្រើនប្រភេទមានលាយសារធាតុបូរ៉ាក់ ដូចជាសរសៃមី, គុយទាវ, មីសួ, ប្រហិត (សាច់គោ, សាច់ត្រី, សាច់មាន់) សាច់ប៉ាត់តេ, សាច់ក្រក (សាច់គោ, សាច់ជ្រូក), សាច់ជ្រូកចិញ្ច្រាំ, សាច់ជ្រូកស្រស់, នំលត, នំចាំង, នំច័ក្កចាន់ជាដើម ដើម្បីឲ្យស្វិតល្អ។

លោកបានបន្តថា ផលប៉ះពាល់របស់សារធាតុបូរ៉ាក់ ការបរិភោគចំណីអាហារដែលមានសារធាតុបូរ៉ាក់ ឬទឹកអន្សានាំឲ្យប៉ះពាល់ដល់សុខភាព ដោយជាតិបូរ៉ាក់ជាសារធាតុហាមឃាត់នៅក្នុងច្បាប់ចំណីអាហារ ហើយផលវិបាកដែលបណ្ដាលមកពីការទទួលទានចំណីអាហារដែលផ្ទុកសារធាតុបូរ៉ាក់ គឺមានជាច្រើនផងដែរ៕