(ភ្នំពេញ)៖ ឧត្តមសេនីយ៍​ឯក​ ហ៊ុន ម៉ាណែត​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសារព្រមានដល់ក្រុមទុច្ចរិតមួយចំនួន ឱ្យបញ្ឈប់ប្រើល្បិចបង្កើតរឿង ដើម្បីលាបពណ៌លោកតទៅទៀត ដោយសារតែល្បិចអស់នេះត្រូវបានគេដឹងរួចអស់ទៅហើយ។

ការថ្លែងបែបនេះរបស់លោកឧត្តមសេនីយ៍ឯក បានធ្វើឡើងបន្ទាប់ពីក្រុមទុច្ចរិត បានលួចយក Facebook របស់កញ្ញា យុង ខេមរា ដែលជាមន្រ្តីយោធាបម្រើការងារនៅអង្គភាព កងពលតូចលេខ៧០ និង Facebook ផ្លូវការរបស់កងពលតូចលេខ៧០ ហើយប្រឌិតជាវីដេអូមួយ ដើម្បីបង្ខូចកិត្តិយសរបស់លោក។

ឧត្តមសេនីយ៍ឯក ហ៊ុន​​ ម៉ាណែត បានបញ្ជាក់នៅលើគណនី Facebook របស់លោកយ៉ាងដូច្នេះថា៖ «ត្រលប់មកពីក្រៅប្រទេសភ្លាម ជួបរឿងប្លែកៗភ្លាម។ ពួកអស់លោកខ្លះរកវិធីត្រឹមត្រូវបំបាក់ខ្ញុំមិនបាន បែរជាបង្កើតរឿងប្លែកៗដើម្បីមកបំផ្លាញកិត្តិយសខ្ញុំវិញ។ ល្បិចអស់នេះគេដឹងអស់ហើយ ហើយក៏មិនមែនជាលើកទីមួយដែរ ដែលក្រុមអស់លោកខំបង្កើតរឿងប្លែកៗ ដើម្បីយកមកលាបពណ៌ខ្ញុំបែបនេះ។ ឈប់បាន ឈប់ទៅ...»

ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពី កញ្ញា យុង ខេមរា តាមរយៈអង្គភាពព័ត៌មាន Fresh News បានចេញមុខបកស្រាយ ជូនសាធារណជនឲ្យបានជ្រាបថា Facebook របស់នាងត្រូវបានក្រុម Hacker ចូលគ្រប់គ្រងតាំងពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ដែលគិតរហូតដល់ពេលនេះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ មានរយៈពេលមួយសប្តាហ៍ហើយ។

កញ្ញា យុង ខេមរា ម្ចាស់ Facebook «Khemara Yung» បានអះអាងថា៖ «ក្រោយពី Facebook របស់នាងត្រូវបានក្រុមជនងងឹត Hack ហើយ ពួកគេបានកាន់កាប់អស់រយៈពេលមួយសប្តាហ៏ និងបានកែប្រែ Profile បុរសម្នាក់ផ្សេងទៅជាឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការ កងទ័ពជើងគោក និងជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានកែប្រែខ្លឹមសារនិងរូបភាពមួយចំនួន ដើម្បីបំផ្លាញកិត្តិយស របស់ឯកឧត្តម និងក្រុមគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែការពិតសារដែលខ្ញុំមានទំនាក់ទំនងឆ្លងឆ្លើយក្នុងលក្ខណៈឯកជនគឺរវាងខ្ញុំជាមួយនិងបុគ្គលផ្សេងទេ មិនមែនរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នោះទេ, ខ្ញុំជាមន្រ្តីយោធាផ្តល់ក្តីគោរព ឯកឧត្តម ហ៊ុន ម៉ាណែត ជាមេបញ្ជាការរបស់ខ្ញុំ មិនមែនដូចក្នុងវិដេអូបែកធ្លាយនោះទេ»

បើតាមក្រុមជំនាញបច្ចេកវិទ្យា IT ដ៏ល្បីមួយក្រុមនៅកម្ពុជា បានឲ្យដឹងថា តាមការពិនិត្យមើលយ៉ាងលម្អិត លើវីដេអូបែកធ្លាយនោះ មានចំណុចកាត់តយ៉ាងច្រើនកន្លែង ហើយពួកគេពិតមាន ជំនាញកាត់តយ៉ាងស្ទាត់ជំនាញ ដើម្បីបន្លំភ្នែកមហាជនទូទៅ។ ក្រុមជំនាញបច្ចេកវិទ្យាដដែលនោះបានបញ្ជាក់ថា ចំពោះ Profile រូបភាព ខ្លឹមសារ និងថ្ងៃខែ គឺងាយស្រួលនឹងប្តូរតាមចិត្តចង់របស់ក្រុម Hacker ណាស់៕