(ភ្នំពេញ)៖ ក្រុមការងារពិសេសពិភាក្សាប្រាក់ឈ្នួលកម្មករនិយោជិត វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នា២០១៨នេះ បានបន្តកិច្ចប្រជុំលើកទី៤ នៅទីស្តីការក្រសួងការងារ។

លោក សោម អូន ជាសមាជិកក្រុមការងារពិសេសត្រីភាគី នៃការចរចាប្រាក់ឈ្នួលអប្បបរមា ដែលបានចូលរួមប្រជុំជាប់រហូតមកនោះបានឲ្យដឹងថា លទ្ធផលប្រជុំនៅថ្ងៃនេះ គឺភាគីនិយោជក (ថៅកែរោងចក្រ) បានសម្រេចឡើងដល់១៧៧ដុល្លារអាមេរិក ឯភាគីសហជីពបានបញ្ចុះមកនៅត្រឹម១៨២ដុល្លារអាមេរិក។ អង្គប្រជុំត្រីភាគី បានសម្រេចបោះឆ្នោតស្ទាបស្ទង់ ជ្រើសរើសយកតួលេខ១ ក្នុងចំណោមតួលេខទាំង២។

លោកបានបន្តថា លទ្ធផលបោះឆ្នោត គឺសំឡេងលើសលប់ បានគាំទ្រតួលេខ១៧៧ដុល្លារអាមេរិក ដើម្បីដាក់ប្រជុំចុងក្រោយ នៅគណៈកម្មការប្រឹក្សាការងារ នៅថ្ងៃទី៥ ខែតុលា ឆ្នា២០១៨ វេលាម៉ោង២៖០០នាទីរសៀលស្អែកនេះ។ ដូចនេះប្រាក់ឈ្នួលអប្បបរមា កម្មករនិយោជិតសម្រាប់ឆ្នាំ២០១៩ តើមានចំនួនប៉ុន្មានោះ នឹងត្រូវប្រកាសជាផ្លូវការ នៅមុនរដូវភ្ជុំបិណ្ឌធំខាងមុខនេះ។

លោក សោម អូន បានលើកឡើងពីការប្រៀបធៀប តារាងប្រាក់ឈ្នួល នៅក្នុងតំបន់នៅឆ្នាំ២០១៨ ជាពិសេសប្រទេស ដែលមានការរីចម្រើនវិស័យកាត់ដេរ មានដូចជា៖​ ១៖ កម្មករនៅកម្ពុជាទទួលបាន១៧០ដុល្លារអាមេរិក, ២៖ បង់ក្លាដេសនៅតែ៦៧ដុល្លារអាមេរិកដដែល, ៣៖ ស្រីលង្កានៅតែ៦៧ដុល្លារអាមេរិកដដែល, ៤៖ ឥណ្ឌាឡើងពី៧៧ដុល្លារអាមេរិកទៅ១៤៣ដុល្លារអាមេរិក, ៥៖​មីយ៉ាន់ម៉ា ឡើងដល់១០៨ដុល្លារអាមេរិក, ៦៖ឥណ្ឌូណេស៊ី ឡើងដល់២៦៧ដុល្លារអាមេរិក, ៧៖ វៀតណាមឡើងពី១២២ដុល្លារអាមេរិក ដល់១៧៥ដុល្លារអាមេរិក, ៨៖ឡាវឡើងដល់១៣០ដុល្លារអាមេរិក, និង៩៖ ប៉ាគីស្ថាន១៣៤ដុល្លារអាមេរិក។

លោក សោម អូន បានបន្ថែមថា យន្តការការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជា កាន់តែមានភាពចាស់ទុំ និងមានរូបមន្តច្បាស់លាស់ ព្រមទាំងមានគោលការណ៍ត្រឹមត្រូវ បានផ្តល់អំណោយផល ដល់កិច្ចពិភាក្សាប្រព្រឹត្តទៅដោយរលូន។

លោកក៏បានលើកឡើងពីទិន្នន័យ នៃការស្រាវជ្រាវពីប្រទេសវៀតណាម ដែលប្រទេសនេះ បានបែងចែកប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតជា៤តំបន់។ លោកថា ឆ្នាំ២០១៨នេះ នៅប្រទេសវៀតណាម ប្រាក់ឈ្នួលអប្បបរមានៅតំបន់ទី១ មានចំនួន១៧១ដុល្លាអាមេរិក ហើយនៅឆ្នាំ២០១៩ខាងមុខនេះ ប្រទេសវៀតណាមនឹងមានផែនការដំឡើងប្រាក់ឈ្នួលអប្បបរមា៥.៣%ផងដែរ។ ដូចនេះប្រាក់ឈ្នួលអប្បបរមា នៅប្រទេសវៀតណាម សម្រាប់ឆ្នា២០១៩ គឺនឹងអាចដំឡើងដល់១៨១ដុល្លាអាមេរិក។

លោក សោម អូន បានគូសបញ្ជាក់ថា ភាគីសហជីព តែងតែចង់បានប្រាក់ខែកម្មករខ្ពស់ ប៉ុន្តែក៏ត្រូវផ្សារភ្ជាប់ផងដែរ ជាមួយនឹងការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ដើម្បីរក្សាបាននូវការវិនិយោគ និងរក្សាបានសន្តិសុខការងារ។ លោកសង្ឃឹមថា ការដំឡើងប្រាក់ឈ្នួលនៅពេលនេះ នឹងទទួលបាននូវការស្វាគមន៍ ពីគ្រប់ភាគីពាក់ព័ន្ធ៕