(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យយានយន្ត និងពិនិត្យប័ណ្ណបើកបរតាមដងផ្លូវ ដោយអនុវត្តទ្រង់ទ្រាយធំ មុនគេ នៅលើផ្លូវជាតិលេខ១។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណកម្មាធិការជាតិសុវត្កិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា នៅថ្ងៃនេះ ក្រុមការងារគណៈកម្មាធិការជាតិសុវត្ថិភាចរាចរណ៍ផ្លូវគោក បានសហការជាមួយសមត្ថកិច្ច ចុះឃាត់យានយន្ត ដើម្បីពិនិត្យរឹតបណ្តឹងច្បាប់ចរាចរណ៍ ពិសេសនោះ រឹតបណ្តឹងចំពោះយន្តធំៗ ព្រមទាំងអ្នកបើកបរផងដែរ។

លោកស្រីបញ្ជាក់ថា «យើងពិនិត្យមើលលើកប័ណ្ណបើកបរ និងឯកសារយានយន្ត ព្រោះថាបច្ចុប្បន្ននេះយានយន្តធំៗកំពុងតែបង្ក និងធ្វើឲ្យប្រជាពលរដ្ឋមានអារម្មណ៍អត់ស្រួល ដោយសារបង្ករឲ្យមានគ្រោះថ្នាក់។ អញ្ចឹងអាជ្ញាធរ និងភាគីពាក់ព័ន្ធត្រួតពិនិត្យ ដើម្បីឲ្យគាត់ មានស្មារតីប្រុងប្រយ័ត្ន ជាពិសេសនោះបុណ្យភ្ជុំបិណ្ឌនេះ ធ្វើយ៉ាងណាឲ្យបងប្អូនចរាចរណ៍ ឲ្យមានសុវត្ថិភាព»។

លោកស្រីរដ្ឋលេខាធិការ ក៏បាននៅរដូវភ្ជុំបិណ្ឌនេះ សមត្ថកិច្ចនឹងធ្វើការរឹតបណ្តឹងច្បាប់ចរាចរណ៍ដើម្បីអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ផងដែរ។ ទាក់ទងនឹងប័ណ្ណបើកបរវិញ លោកស្រីក៏បានលើកឡើងថា សមត្ថកិច្ចក៏ដូចជាក្រុមការងារគណៈកម្មាធិការជាតិសុវត្ថិភាព ក៏ពិនិត្យផងដែរព្រោះថា កន្លងមកក៏មានអ្នកប្រើប្រាស់ប័ណ្ណបើកបរក្លែងក្លាយផងដែរ។

លោកស្រីថា៖ «ប័ណ្ណបើកបរ ក្រសួងចេញចំពោះអ្នកចេញច្បាប់បើកបរ អញ្ចឹងបើគាត់ប្រើប្រាស់ប័ណ្ណបើកបរក្លែងក្លាយ ហើយមិនដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកទេ គាត់នឹងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ ចំណែកអ្នកមានប័ណ្ណបើក បរត្រឹមត្រូ វនោះគាត់ បានយល់ ដឹងពី ច្បាប់នោះការបើកបរធានាសុវត្ថិភាពនៅពេលកំពុងបើកបរ»

លោក ចេវ ហាក់ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍តែងតែកើតឡើងនៅតាមដងផ្លូវពិសេសនោះនៅក្នុងរាជធានីភ្នំពេញ កើតចេញពីការមិនគោរពច្បាប់ចរាចរណ៍តែម្តង។ លោកបន្តថាគ្រោះថ្នាក់ ដែលកើតមានឡើងមានដូចជា៖ ការបើកបរប្រជែង ការបើកបរលើសល្បឿន និងការបើកបរក្រោមឥទ្ធិលជាតិស្រវឹងជាដើម។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សម្រាប់បុណ្យភ្ជុំបិណ្ឌនេះ សូមចូលរួម គោរពច្បាប់ទាំងអស់គ្នាពិសេសនោះអ្នកបញ្ជារយានយន្ត នៅតាមផ្លូវជាតិនានា ត្រូវប្រើប្រាស់ល្បឿនឲ្យបានត្រឹមត្រូវច្បាប់កំណត់៕