(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់ទៅម្ចាស់លទ្ធកម្មឃុំ-សង្កាត់ «សូមកុំខិតខំបំប៉ោងគម្រោង សូមឲ្យខិតខំបង្កើនបរិមាណសមិទ្ធិផលវិញ»។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ ក្នុងពេលអញ្ជើញចូលរួមជាអធិបតី ក្នុងដំណើរការដេញថ្លៃមូលនិធិឃុំ-សង្កាត់ នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅសាលាស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ដោយសារតែចង់បង្កើនបរិមាណ ពង្រីកសមិទ្ធិផល នៃដំណើរការអភិវឌ្ឍនតាមបណ្តាឃុំ-សង្កាត់ លោក គួច ចំរើន បានអញ្ជើញចូលរួមពិនិត្យដោយផ្ទាល់នូវដំណើរការដេញថ្លៃមូលនិធិឃុំ-សង្កាត់ ចំនួន២៦គម្រោង ក្នុងនោះស្រុកកងមាសចំនួន១១គម្រោង ដេញពេលព្រឹក និងស្រុកព្រៃឈរចំនួន១៥គម្រោង ដេញនៅពេលរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ ទៅលើការកែប្រែធ្វើឲ្យដំណើការដេញថ្លៃ ប្រកបដោយក្រមសីលធម៌ តម្លាភាព និងគណនេ្យភាពក្នុងគោលបំណង បង្កើនបរិមាណ ពង្រីកសមិទ្ធិផល នៃការអភិវឌ្ឍន៍តាមបណ្តាឃុំ សង្កាត់ ជៀសវាងការដេញថ្លៃ ដោយមានការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ។

លោកអភិបាលខេត្ត បានថ្លែងប្រាប់ឲ្យម្ចាស់លទ្ធកម្ម ឃុំ-សង្កាត់ពិនិត្យមើលផងដែរនូវការដេញថ្លៃក្នុងឆ្នាំនេះ មានការចុះថ្លៃយ៉ាងច្រើន ធ្វើឲ្យឆ្នាំនេះ សមិទ្ធិផលមានការកើនឡើងទ្វេរដង ខុសពីឆ្នាំមុន។ ដូច្នេះក្នុងការលើកគម្រោងឆ្នាំក្រោយ ត្រូវពិនិត្យមើល តម្លៃដេញបានក្នុងឆ្នាំនេះ ហើយលើកគម្រោងក្នុងកម្រិតប្រហាក់ប្រហែល សម្រាប់ដាក់ឲ្យដេញថ្លៃម្តងទៀត និងសូមកុំបំប៉ោងគម្រោង ដែលជាដើមចម ធ្វើឲ្យអ្នកទទួលការមានការឃុបឃិតគ្នាប្រព្រឹត្តអំពើមិនប្រក្រតីនោះទៀត៕