(តាកែវ)៖ ​​នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា និងលោកស្រី ប៉ែន ចន្នី ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តតុំ ក្រុងដូនកែវ ខេត្តតាកែវ។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានលើកឡើងថា ការប្រារព្ធធ្វើពិធីបុណ្យភ្ជំបិណ្ឌនេះឡើង ក្នុងគោលបំណងដើម្បីឧទ្ទិសមហាកុសលជូនដល់លោកអ្នក មានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំង៧សណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ និង​ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅ ឲ្យមានសេចក្តីសុខសប្បាយ ក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ​។

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ​ស្ថានភាពនៃការរីកចម្រើនរបស់​កម្ពុជា ការរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ នឹងការសម្លឹងឃើញសម្រាប់អនាគតនៃប្រទេសជាតិ លើបេសកកម្មនៃការថែរក្សាសន្តិភាព និងបន្តឲ្យមាន និរន្តរភាពនៃវឌ្ឍនភាពកម្ពុជា គឺបានមកពីការចូលរួម និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជារាស្រ្តកម្ពុជា តាមរយៈនៃការផ្តល់ជំនឿទុកចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី​នៃ​កម្ពុជា អាណត្តិទី៦ នីតិកាលនៃរដ្ឋសភាបន្តទៀត​៕