(ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ ចេញផ្សាយនូវរបាយការណ៍សេដ្ឋកិច្ចមួយរបស់ខ្លួន ដោយបញ្ជាក់ថា នៅឆ្នាំ២០១៨នេះ សេដ្ឋកិច្ចរបស់កម្ពុជា នៅតែបន្តលូតលាស់ខ្លាំង ក្នុងអត្រា៧ភាគរយ។

របាយការណ៍សង្ខេបរបស់ធនាគារពិភពលោក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែតុលានេះបានបញ្ជាក់ថា «សេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងទុកថា នឹងកើនត្រឹមកម្រិត៧ភាគរយ ក្នុងឆ្នាំ២០១៨ បៀបទៅនឹង៦.៩ភាគរយ ក្នុងឆ្នាំ២០១៧ ឈរលើទស្សនៈសុទិដ្ឋិនិយមរបស់វិនិយោគិន និងការកើនឡើងចំណាយរបស់រដ្ឋាភិបាល»។

របាយការណ៍បញ្ជាក់ទៀតថា សេដ្ឋកិច្ចកម្ពុជាបន្តលូតលាស់យ៉ាងស្វាហាប់ ដោយសារមានបរិស្ថានអំណោយផលទូទាំងសកលលោក ជួយទ្រទ្រង់មួយផ្នែកធំ។ កន្លះឆ្នាំដំបូង ឆ្នាំ២០១៨នេះ កំណើននៃការនាំចេញផលិតផលសំលៀកបំពាក់ បន្តសម្រេចបានកំណើនខ្ពស់ ជាលើកទី២ ក្នុងពីរឆ្នាំជាប់គ្នា។ ការវិនិយោគផ្ទាល់ពីបរទេស និងប្រាក់បញ្ញើរបស់ផ្នែកឯកជន មានកំណើន១៤.៣ភាគរយ និង២២.៤ភាគរយ (មួយឆ្នាំលើមួយឆ្នាំ) រៀងៗខ្លួន។

ធនាគារពិភពលោក បានកត់សម្គាល់ឃើញថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជានេះ បានរួមចំណែកធ្វើឲ្យភាពក្រីក្របន្តធ្លាប់ចុះ។ ប៉ុន្តែការកើនឡើងនៃឱនភាពសារពើពន្ធ និងការខូចខាតបន្ទាប់បន្សំពីសង្គ្រាមពាណិជ្ជកម្មសកល ជាហានិភ័យចំពោះទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅថ្ងៃមុខ។

សូមជម្រាបថា សេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០១៨ ត្រូវបានស្ថាប័នអន្តរជាតិអះអាងថា នៅតែរីកចម្រើនខ្លាំង ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាការណ៍ថា នឹងមានកំណើន៧ភាគរយ ដូចគ្នានឹងការព្យាករណ៍របស់ធនាគារពិភពលោកនៅពេលនេះដែរ ខណៈស្ថាប័នរូបិយវត្ថុអន្តរជាតិ (IMF) ព្យាការណ៍ថា នឹងកើនឡើងប្រមាណ៧.៣ភាគរយ៕