(ភ្នំពេញ)៖ «រស់នៅក្នុងប្រទេសបិតាប្រជាធិបតេយ្យ តែមានចរិតផ្តាច់ការ» នេះគឺជាប្រធានបទ នៃលិខិតមិត្តអ្នកអានមួយ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ។ រូបគេបានរិះគន់ ប្រជាពលរដ្ឋខ្មែររស់នៅអាមេរិកមួយចំនួន ដែលមានចិត្តកាចសាហាវ តែងធ្វើការវាយប្រហារ ជេរប្រទេច ដល់ប្រជាពលរដ្ឋខ្មែរដទៃទៀតនៅសហរដ្ឋអាមេរិក ដែលមាននិន្នការនយោបាយផ្ទុយពីខ្លួន។

ដើម្បីជ្រាបច្បាស់អំពីប្រធានបទនេះ សូមអានខ្លឹមសារលម្អិតនៃលិខិតមិត្តអ្នកដូចតទៅ៖ «ក្នុងនាមជាពលរដ្ឋកម្ពុជាមួយរូប ខ្ញុំពិតជាមានការភ្ញាក់ផ្អើលដោយហួសចិត្ត ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលមាននិន្នាការប្រឆាំង រស់នៅសហរដ្ឋអាមេរិក ដែលជាប្រទេសបិតាប្រជាធិបតេយ្យក្នុងលោក តែដោយព្រោះតែហេតុផល «និន្នាការនយោបាយ» ពួកគាត់បែរជាមិនយល់ពី «សិទ្ធិនយោបាយក្នុងសង្គមប្រជាធិបតេយ្យ» ហើយមានការបែងចែកនិន្នាការដាច់ស្រឡះពីគ្នាចាត់ទុកខ្មែរគ្នាឯង ហាក់ដូចជាសត្រូវរបស់ខ្លួនទៅវិញ !។

តើពលរដ្ឋខ្មែរអាមេរិកដែលគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំប្រទេសកម្ពុជា គួរត្រូវបានទទួលការប្រមាថ ជេរប្រទិច លាបពណ៌ គំរាមកំហែងពីពលរដ្ឋខ្មែរដូចគ្នាដែលមាននិន្នាការប្រឆាំងឬ? ។

ប្រសិនបើបងប្អូនខ្មែរមាននិន្នាការប្រឆាំងទាំងនោះ ពួកគាត់បានយល់ច្បាស់អំពី «សិទ្ធិនយោបាយក្នុងសង្គមប្រជាធិបតេយ្យសេរី» ច្បាស់លាស់នោះប្រហែលជាពួកគាត់ មិនអាចហារមាត់ ជេរប្រមាថ លាបពណ៌ គំរាមកំហែងឬមានការគុំគួនដល់បងប្អូនខ្មែរដែលមាននិន្នាការគាំទ្រគណបក្សប្រជាជនកម្ពុជាឡើយ។ ប៉ុន្តែអ្វីដែលបងប្អូនទាំងនោះបានធ្វើគឺ ពិតជាផ្ទុយស្រឡះពីវប្បធម៌នយោបាយប្រជាធិបតេយ្យ នៅក្នុងប្រទេសដែលពួកគាត់កំពុងរស់នៅយ៉ាងច្បាស់ ហើយបានបញ្ចេញចរិតផ្តាច់ការ កាចសាហាវមកលើខ្មែរទាំងឡាយណាដែលមិនគាំទ្រគណបក្សខ្លួនសុទ្ធតែ «ពួកជនកុម្មុយនីសផ្តាច់ការ ពួកលក់ក្បាល ពួកស៊ីឈ្នួល ហ៊ុន សែន ពួកកញ្ជះយួន។ល។» តើបែបណឹងឬ ដែលជាផ្នត់គំនិត «ត្រឹមត្រូវ» របស់ពួកគាត់? ។ ជាតិសាសន៍តែមួយ រស់នៅផ្ញើខ្លួនប្រទេសក្រៅដូចគ្នា គ្រាន់តែគេមាននិន្នាការផ្សេងពីខ្លួន បែរជាត្រូវបានទទួលរងនូវការប្រមាថ មាក់ងាយបែបនេះ? ។

សូមកុំគិតថាមានតែខ្លួនឬក្រុមខ្លួនប៉ុណ្ណោះ ដែលជាអ្នកប្រជាធិបតេយ្យ ហើយអ្នកដែលគេមាននិន្នាការផ្សេងពីអ្នកបែរជាជនផ្តាច់ការអោយសោះ!។ ផ្ទុយទៅវិញពួកអ្នកទេដែលមិនយល់អ្វីទាំងអស់ក្រៅតែពីមនោគមវិជ្ជានយោបាយបែបជ្រុលនិយមហួសហេតុ បំពានសិទ្ធិគេឯងទាំងខុសឆ្គង ហើយតាំងជាអ្នកត្រូវមិនចេះមានការខ្មាសអៀន ។

ស្ថិតក្នុងបរិបទនៃសម័យកាលដ៏ទំនើបនេះ អ្នកគួរសិក្សាពីបរិបទសង្គមកម្ពុជា ដោយវិចារណញាណមិនមែនតាមបែបសភាវគតិដូចនេះឡើយ៕

ដោយ៖ លោក ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការ ក្រសួងព័ត៌មាន