(កំពង់ស្ពឺ)៖ លោក តុង សេង តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានស្នើរឱ្យអាជ្ញាធរឃុំ-សង្កាត់ទាំង៥ និងអាជ្ញាធរក្រុងច្បារមន ព្រមទាំងប្រជាពលរដ្ឋ ត្រូវចូលរួមសហការពង្រឹងការងាររដ្ឋបាល ដែលខ្លួនកំពុងគ្រប់គ្រងរស់នៅកុំឱ្យមានចោរកម្ម ចោរលួច ចោរប្លន់ ចោរឆក់តាមដងផ្លូវ និងចូលរួមទប់ស្កាត់បងតូច បងធំ ក្មេងស្ទាវ បង្ហោះម៉ូតូ តាមផ្លូវ ឬតាមទីសាធារណៈផ្សេងៗ ដែលជាហេតុបង្កអសន្តិសុខ និងបាត់បង់សណ្តាប់ធ្នាប់ ធ្វើឱ្យប៉ះពាល់កិតិ្តយសមុខមាត់ និងសេចក្តីថ្លៃថ្នូរព្រមទាំងអាចត្រូវបានគេវាយតម្លៃទៅដល់ថ្នាក់ដឹកនាំភូមិ​ ឃុំ ស្រុក ខេត្តទៀតផង។

លោក តុង សេង បានថ្លែងបែបនេះនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅចំពោះមុខសមាជិកក្រុមប្រឹក្សាសង្កាត់ទាំង៥ និងគណៈបញ្ជារឯកភាពក្រុងប្រមាណ១១០នាក់ ក្នុងអគារប្រជុំសាលាក្រុងច្បារមន។

លោក តុង សេង បានលើកឡើងបន្តថា «ក្នុងនាមយើងជាអាជ្ញាធរ ត្រូវធ្វើយ៉ាងណាឱ្យប្រជាជនគ្រប់រូបមានជំនឿ លើការដឹកនាំរបស់យើងឱ្យមានប្រសិទ្ធភាព តម្លាភាព និងមានជំនឿទុកចិត្ត ពេញចិត្តទើបប្រជាពលរដ្ឋសម្រេចបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ២០១៨កន្លងទៅនេះ ជូនយើងគ្រប់រូប ជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនតែម្តង ដើម្បីបន្តដឹកនាំគ្រប់គ្រង និងអភិវឌ្ឍ ស្រុកភូមិ ឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត»។

ជាចុងក្រោយ លោកតំណាងរាស្ត្រ បានផ្តាំផ្ញើឱ្យសមាជិកដែលបានចូលរួមគ្រប់រូប ត្រូវបន្តផ្សព្វផ្សាយ ភូមិឃុំមានសុវត្ថិភាព និងបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ បញ្ហាគ្រឿងញៀនទៅដល់សហគមន៍ តាមរយៈវេទិការសាធារណៈ ឬគ្រប់សកម្មភាពជូបជុំរបស់ប្រជាជន ដែលបានរៀបចំឡើងដោយអាជ្ញាធរគ្រប់កម្រិតផងដែរ៕