(ភ្នំពេញ)៖ ​យុវសិស្សស្រីដែលទើបប្រឡងជាប់បាក់ឌុកថ្មីៗម្នាក់ ត្រូវបានរថយន្តហ៊ីយ៉ុនដាយ៥តោន ដឹកស៊ីម៉ងតិ៍ឡើងលើស្ពានលីយ៉ុងផាត់ មិនរួចរលត់ម៉ាស៊ីនរអិលថយក្រោយកិនស្លាប់ភ្លាមៗ យ៉ាងអណោចអធ័ម និងម្តាយរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង២៖១០នាទីរសៀលថ្ងៃទី០៣​ ខែតុលា ឆ្នាំ២០១៨នេះ នៅលើស្ពានលីយ៉ុងផាត់ ផ្នែកខាងកើត ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ស៊ុន តាំងហៀង អាយុ១៩ឆ្នាំ មុខរបរសិស្ស​ចំណែកឯម្តាយមានឈ្មោះ រ៉ី​អាយុ៤២ឆ្នាំ​ មានទីលំនៅភូមិអន្លង់ស្លែង​ ឃុំសំបួរមាស ​ស្រុកមុខកំពូល ​ខេត្តកណ្តាល។ រីឯរថយន្តបង្កម៉ាកហ៊ីយ៉ុនដាយ​ពណ៌ស ពាក់ស្លាកលេខឃ-១៣២២ភព៣ បើកបរដោយបុរសម្នាក់មិនទាន់បានស្គាល់អត្តសញ្ញាណទេ បន្ទាប់ពីកើតហេតុត្រូវបានសមត្ថកិច្ច ចាប់បញ្ជូនទៅការិយាល័យចរាចរជើងគោក រាជធានីភ្នំពេញ។

ស្ត្រីជាម្តាយរបស់នារីរងគ្រោះ បានថ្លែងប្រាបភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា កូនស្រីគាត់ទើបនឹងប្រឡងបាក់ឌុបជាប់ថ្មីៗនេះ ហើយមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ សេ១២៥​ ស៊េរី ២០១៧​ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​ 1DP-0934 បានឌុបកូនស្រីរបស់គាត់ធ្វើដំណើរចេញពីផ្ទះ ដោយជិះតាមផ្លូវលីយ៉ុងផាត់ ក្នុងគោលបំណងទៅលេងផ្ទះបងប្អូន នៅសង្កាត់គីឡូម៉ែត្រលេខ៦។

ខណៈជិះម៉ូតូមកដល់ចំណុចកើតហេតុ លើស្ពានលីយ៉ុងផាត់បានបន្តិច ស្រាប់តែឃើញមាន រថយន្តដឹកសុីម៉ងតិ៍មួយគ្រឿង​បានបើកគេចរថយន្ត មួយគ្រឿងទៀតដែលបើកបរស្របទិសគ្នាពីកើតទៅលិច ពេលនោះមិនដឹងយ៉ាងម៉េច​ ស្រាប់តែរថយន្តបង្ករអិលថយក្រោយរ៉េពេញលើស្ពាន ហើយរូបគាត់បានគេចទៅឆ្វេងរថយន្តរ៉េមកឆ្វេង គាត់គេចទៅស្តាំងរថយន្តរ៉េទៅស្តាំ គាត់ក៏គេចមកឆ្វេងវិញ។ ខណៈពេលដែលរូបគាត់គេចមកឆ្វេងវិញ ក៏ស្រាប់តែកូនស្រីគាត់បានលោតចុះពីលើម៉ូតូ​ ហើយក៏ត្រូវរថយន្តបង្កថយកិនស្លាប់តែម្តង។

តាមសំដីរបស់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា រថយន្តបង្កខាងលើបន្ទាប់ ពីគេចរថយន្តមួយគ្រឿងទៀត ស្រាប់តែរលត់ម៉ាសុីន ហើយដោយសារដឹកធ្ងន់ជាន់ហ្វ្រាំងមិនសុីក៏រអិលថយក្រោយកិនអ្នកជិះម៉ូតូស្លាប់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏ទៅអន្តរាគមន៍ឃាត់ខ្លួនអ្នកបើកបរយកមកប៉ុស្តិ៍នគរបាល​រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញ ផ្នែកចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឱ្យមកធ្វើការវាស់វែង យករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុក នឹងដោះស្រាយគ្នាតាមនីតិវិធីច្បាប់។ ចំណែកឯកសាកសពជនរងគ្រោះខាងលើ ត្រូវសមត្ថកិច្ចប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕