(ភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែតុលា ឆ្នាំ២០១៨ និងប្រាក់គោលនយោបាយសោធនសម្រាប់ខែតុលា ឆ្នាំ២០១៨ និងប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ ជូននិវត្តជន និងអតីតមន្រ្តីរាជការស៊ីវិល ចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។

យោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា «ប្រាក់គោលនយោបាយរបបសន្តិសុខសង្គម និងការបន្ថែមរបបសន្តិសុខសង្គមសម្រាប់ និវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ សម្រាប់ខែតុលា ឆ្នាំ២០១៨ នឹងត្រូវបើកចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨»

ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ និវត្តជន និងអតីតមន្រ្តីរាជការស៊ីវិល ទាំងអស់ត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ ​នៅទូទាំងប្រទេស។

ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល តាមប្រព័ន្ធទូរស័ព្ទលេខ ០២៣ ៧២៦ ៤៩១ ០២៣ ៩៨៧ ៥១២ និង ០២៣ ៩៨៧ ៥២៣៕